ភ្នំពេញៈ ក្នុងចំណោមតារាល្បីៗ ដែលលេចធ្លោដូចជា អ្នកនាង ស្រីតូច ចំណាន និងអ្នកនាង លី ម៉ារីណា ដែលបានបង្ហាញមុខយ៉ាងកម្រនៅក្នុងពិធីសម្ពោធរឿង «ចន្ទ្រា» កាលពីយប់ថ្ងៃទី៨ កញ្ញា តារាចម្រៀងមាស សុខសោភា ក៏ត្រូវគេកត់សម្គាល់លេចធ្លោផងដែរ។ នោះគឺដោយសារតែនាងបានបង្ហាញស្ទីលច្នៃម៉ូដសក់ជាមួយនិងក្រមាខ្មែរយ៉ាងស្រស់ស្អាតខុសប្លែកពីគេ ដែលធ្វើឲ្យអ្នកសារព័ត៌មានរូបណាក៏តាមប្រមាញ់ និងមានតារាសិល្បៈភាគច្រើនលួចគយគន់។
មាស សុខសោភា បានអះអាងថា ដោយសារតែការអញ្ជើញរបស់ផលិតកររឿង«ចន្ទ្រា»បានតម្រូវឲ្យតារាសិល្បៈទាំងអស់ ដែលចូលរួមត្រូវអមមកជាមួយនូវក្រមាពណ៌ក្រហម ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ហើយនាងយល់ថា ការបង់នៅលើ-ក និងពាក់ពានាជាដើម គឺវាស៊ាំអត់ទៅហើយ ទើបនាងសម្រេចឲ្យជាងយកមកច្នៃចងផ្អោបនិងសក់ជំនួសវិញ។ កញ្ញាថា ស្ទីលច្នៃក្រមាមកពាក់នៅលើសក់ មិនត្រឹមតែធ្វើឲ្យពិធីជួបជុំតារាសិល្បៈនាយប់នោះចាប់អារម្មណ៍នោះទេ សូម្បីតែជាងកែច្នៃក៏កោតសរសើរថា នេះជាស្ទីលមិនធ្លាប់មានសម្រាប់តារាខ្មែរជាមួយនឹងក្រមាខ្មែរនោះដែរ។ កញ្ញានិយាយថា «ក្រមានឹងកម្មវិធីគាត់តម្រូវ ដល់ចឹងអត់ដឹងថា យកមកធ្វើមិចឲ្យសម ក៏យកមកពាក់លើសក់ចឹងម្មងទៅ ដើម្បីឲ្យមើលទៅឃើញប្លែក។
មាស សុខសោភា ត្រូវគេឃើញអ្នកកាសែតព័ទ្ធថតច្រូងច្រាង ដោយសារតែម៉ូដសក់ដែលអមដោយក្រមារបស់នាងជាស្ទីលដែលធ្វើឲ្យអ្នកដែលឃើញនាងដោយផ្ទាល់ភាគច្រើនកោតសសើរ។ នាងថានេះជាលើកទី១ ដែលនាងនឹកឃើញយកក្រមាមកច្នៃធ្វើសក់ ហើយបានកត់សម្គាល់ឃើញថា មួយម៉ូតដែលនាងរំលេចឡើងបានទទួលការសួរនាំច្រើនពីអ្នកសារព័ត៌មាន និងតារាសិល្បៈនាយប់នោះ។ នាងថា នឹងបន្តកែច្នៃម៉ូតសក់ជាមួយក្រមាបន្តបន្ទាប់ទៀត ប៉ុន្តែលុះត្រាតែទាក់ទាញដូចម៉ូតដែលនាងធ្វើនោះទើបនាងទទួលយក។ ក្នុងនោះបើជាស្ទីលដដែលៗក៏នឹងត្រូវកប់ចោលផងដែរ៕
មតិយោបល់