ព័ត៌មានជាតិ

កាច់សោរកម៉ូតូប្រជាពលរដ្ឋបានសម្រេច ចាប់ខ្លួនបានម្នាក់ បក្សពួកម្នាក់ទៀតរត់បាត់

កណ្តាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ បានធ្វើសកម្មភាពលួចកាច់សោរក ម៉ូតូប្រជាពលរដ្ឋ១គ្រឿងបានសម្រេច ព្យាយាមរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ធ្វើការឡោមពទ្ធ័ចាប់ខ្លួនបានម្នាក់ ចំណែកបក្សម្នាក់ទៀតគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ខាងត្បូងភូមិ ស្ថិតនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ជួប សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិអណ្តូងគៀន ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ។ ចំណែកបក្សពួកដែលរត់គេចខ្លួនមានឈ្មោះ វ៉ាន់ រិត(ហៅភក្ក្រ័) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃផ្ចឹក១ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ បច្ចុប្បន្នអ្នកទាំង២ ស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងដែលសមត្ថកិច្ច​ដកហូតបានរួមមាន សោរសម្រាប់កាច់កម៉ូតូ១ និងសោរខ្សៀចំនួន០២ រួមនិងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FL-0487 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DO-0457 មានឈ្មោះ យ៉ុន យុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូអូសម៉ាស៊ីនបូមទឹកយកទៅបូមទឹកដាក់ស្រែនៅខាងត្បូង​ភូមិអង្គសំណាងប្រហែល១​​​​៥០​ម៉ែត្រ ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូលើផ្លូវលំដោយបានចាក់សោរករួចរាល់ ទើបចុះទៅរាយទុយោចូលក្នុងស្រែចម្ងាយពីម៉ូតូប្រហែល៧០ម៉ែត្រ ។ ខណៈនោះ​ស្រាប់តែជនសង្ស័យបានមកធ្វើសកម្មភាពកាច់សោរក ម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងត្បូង បត់ទៅខាងកើត ភ្លាមនោះត្រូវបានជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច សហការជាមួយកម្លាំងប្រជាការពារ បានធ្វើការដេញតាម ពីក្រោយម៉ូតូជនសង្ស័យ រហូតដល់ចំណុចព្រៃរបោះ​លើទួលអង្គ ស្ថិតនៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទើបឃាត់បានជនសង្ស័យ០១នាក់ ចំណែក០១នាក់ទៀតគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

ចោរកាច់កម៉ូតូចោរកាច់កម៉ូតូចោរកាច់កម៉ូតូចោរកាច់កម៉ូតូចោរកាច់កម៉ូតូចោរកាច់កម៉ូតូចោរកាច់កម៉ូតូចោរកាច់កម៉ូតូ

មតិយោបល់