ព័ត៌មានជាតិ

ចាប់មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ធំ

ភ្នំពេញ: ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរ រួមជាមួយថ្នាំញៀន៣កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយកម្លាំប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវតាមចាប់ខ្លួនបានកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតូបកាត់សក់ ផ្លូវជាតិលេខ៤ ជិតសាលារៀនអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះទុំ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិថ្មី ឃុំសន្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ទី២ ឈ្មោះ វន ហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងទួល សង្កាត់កំបូល មានស្រុកកំណើត សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានកិច្ចសហការល្អរវាងប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ច ដើម្បីរួមចំណែកទប់ស្កាត់ បង្ការបង្ក្រាបរាល់បទល្មើស កើតឡើងក្នុងមូលដ្ឋាន ទើបកម្លាំងជំនាញ ក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ និងតាមដាននូវមុខសញ្ញាជួញដូរថ្នាំញៀនត្រង់ចំណុចខាងលើអស់ជាច្រើនថ្ងៃ ទើឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន៣កញ្ចប់ធំ ថង់សម្រាប់វិចខ្ចប់មួយចំនួនទៀត។

ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបាននគរបាលនាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕

//youtu.be/JtauWHOQmj4

មតិយោបល់