ព័ត៌មានជាតិ

ទិវាអន្តរជាតិអូហ្សូនឆ្នាំនេះ ក្រោមប្រធានបទ «អូហ្សូន និងអាកាសធាតុ ត្រូវបានស្តារឡើងវិញនៅពេលដែលពិភពលោកមានការរួបរួមគ្នា»

ភ្នំពេញៈ ក្នុងឆ្នាំ២០១៦នេះ លេខាធិការដ្ឋាន អូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិបានកំណត់យកប្រធានបទ «អូហ្សូន និងអាកាសធាតុ ត្រូវបានស្តារឡើងវិញនៅពេលដែលពិភពលោកមានការរួបរួមគ្នា» សម្រាប់ការប្រារព្ធទិវាអូហ្សូនអន្តរជាតិ នៅថ្ងៃទី១៦ខែកញ្ញាខាងមុខនេះ ដើម្បីរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ក្នុងការថែរក្សាការពារ និងទប់ស្កាត់ការបំផ្លិចបំផ្លាញស្រទាប់អូហ្សូន ក៏ដូចជា ចូលរួមទប់ស្កាត់ការកើនឡើងនៃកំដៅភពផែនដី។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងគេហទំព័ររបស់ក្រសួងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះថា “គោលបំណងសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺដើម្បីបំផុសស្មារតីមហាជនពីគ្រប់មជ្ឈដ្ឋានឱ្យបន្តគាំទ្រ សហការនិងចូលរួមជាមួយរដ្ឋាភិបាលនៃបណ្តារដ្ឋភាគីទាំងអស់ ក្នុងការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូនមកលើភពផែនដី”

លោករដ្ឋមន្រ្តីបញ្ចាក់ថា ក្នុងនាមរដ្ឋភាគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូនទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏បាននិងកំពុងអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ស្របតាមផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូនរបស់ពិធីសារម៉ុងរ៉េអាល់។

ទន្ទឹមនឹងនេះ កម្ពុជាបានបញ្ជាក់នូវជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មលើពិធីសារម៉ុងរ៉េអាល់ ក្នុងការបញ្ចូលសារធាតុ ហាយដ្រូភ្លុយអរ៉ូកាបូន (HFC) ទៅក្នុងបញ្ជីសារធាតុបំផ្លាញស្រទាប់អូហ្សូនដែលជាសារធាតុបង្កឱ្យមានការកើនឡើងនូវកំដៅផែនដី។ការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ក៏ដូចជា ជួយដល់ការទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន និងការកាត់បន្ថយការកើនឡើងនូវកំដៅភពផែនដី។

លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា “តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកល ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន យើងមានជំនឿយ៉ាងមុតមាំថា ស្រទាប់អូហ្សូនអាចនឹងត្រឡប់មករកស្ថានភាពប្រក្រតីវិញ នៅពាក់កណ្តាលសតវត្សទី២១ នេះ”

សាយ សំអាល់

មតិយោបល់