ភ្នំពេញៈ នៅទីស្តីការក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូពីក្រុមហ៊ុន Hyein Engineering & Construction នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។
ជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីលោក Soon Kyo Jo អនុប្រធានក្រុមហ៊ុន Hyein E&C លោក Ike Jang Ahn នាយកប្រតិបត្តិនៃនាយកដ្ឋានផ្នែកនាវាចរណ៍និងថាមពល និងលោក Jong Chul Ham នាយកប្រតិបត្តិកំពង់ផែ និងឆ្នេរសមុទ្រ។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាលើការសិក្សា លទ្ធភាពធ្វើឲ្យប្រសើរឡើង ដល់ផ្លូវទឹក សម្រាប់ការអភិវឌ្ឍ ភស្តុភាដឹកជញ្ជូន នៅកំពង់ផែរបស់កម្ពុជា។ គម្រោងនេះ មានទីតាំងឋិតនៅទន្លេមេគង្គ ចាប់ពីរាជធានីភ្នំពេញ ទៅខេត្តក្រចេះ ហើយបច្ចុប្បន្នគម្រោងនេះ ឈានដល់ដំណាក់កាលចុងក្រោយ ដែលនឹងត្រូវដាក់របាយការណ៍ ចុងក្រោយជូនពិនិត្យ នៅចុងឆ្នាំនេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងការគាំទ្រយ៉ាងមុតមាំ ដល់ក្រុមហ៊ុន ដែលបានធ្វើការ សិក្សាពីលទ្ធភាពទូលំទូលាយ ក្នុងការធ្វើឲ្យប្រសើរឡើង ដល់ផ្លូវទឹកដើម្បីការអភិវឌ្ឍភស្តុភា ដឹកជញ្ជូននៅ កំពង់ផែកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ នៃការដឹកជញ្ជូនតាមផ្លូវទឹក នៅក្នុងប្រទេស និងបានកត់សម្គាល់ថា ៖ ការធ្វើឲ្យប្រសើរឡើង ដល់ផ្លូវទឹកទន្លេមេគង្គ នឹងតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសចិន ដែលវានឹងបង្កើន ការតភ្ជាប់អាស៊ានផងដែរ។
លោក Soon បានសម្តែងនូវការគាំទ្រ និងប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តរួមចំណែកដល់ការធ្វើឲ្យ ប្រសើរឡើង ដល់ផ្លូវទឹក ដើម្បីការអភិវឌ្ឍភស្តុភា ដឹកជញ្ជូននៅកំពង់ផែកម្ពុជា ៕
មតិយោបល់