ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួស

ពោធិ៍សាត់: ម៉ូតូ២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យប៉ើងម៉ូតូនោះ ទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបញ្ច្រាស់ទិសគ្នា បណ្តាលមនុស្ស៣នាក់រងរបួស ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១៤នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ១៥៥ ចន្លោះគីឡូម៉ែត្រ ២៨-២៩ ក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

បើយោងតាមរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ អ៊ុំ លីហេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ បើកម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ។ ទី២ឈ្មោះ ញឹម សារឹម ភេទប្រុស អាយុ១៩ឆ្នាំ បើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-2705 ។ និងជនរងគ្រោះទី៣ឈ្មោះ ម៉ឹង ចាន់រី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិលាច ឃុំលាច បើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកវ៉េវអាល់ហ្វា បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ធ្វើដំណើរតាម​បណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បត់ម៉ូតូមកខាងឆ្វេងចូលផ្ទះ ខណ:នោះក៏ត្រូវបានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ បើកបរ​ដោយបុរសម្នាក់ បានបើកមកបុកចំពីក្រោយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសទាំង២នាក់ មិនតែប៉ុណ្ណោះម៉ូតូនេះបានផ្លោងទៅបុកចំម៉ូតូ១គ្រឿងទៀតម៉ាក វ៉េវអាល់​ហ្វា ពណ៌ក្រហម ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបររងរបួស ចំណែកម៉ូតូទាំង៣គ្រឿងរងការខូចខាត ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូទាំង៣គ្រឿងយកមក​រក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំម្ចាស់ម៉ូតូទាំង៣គ្រឿងចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

ម៉ូតូបុកគ្នា

ម៉ូតូបុកគ្នា

ម៉ូតូបុកគ្នា

មតិយោបល់