ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកតាកូម៉ាមួយគ្រឿង បុកជាមួយម៉ូតូពេញទំហឹង ផ្លោងមនុស្សចេញពីម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ រីឯរថយន្តព្យាយាមបើករត់គេចខ្លួនពីកន្លែងកើតហេតុ អូសម៉ូតូជាប់ក្រោមរថយន្តជាង២០០ម៉ែត្រ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសបិទ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតាកូម៉ា មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9855 បើកបរទិសដៅពីត្បូងទៅជើង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឡែត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1DE-0434 ជិះគ្នា២នាក់ស្រាប់តែវាក់អឺជាមួយរថយន្តបណ្តាលឲ្យរថយន្តបុកពេញទំហឹងធ្វើឲ្យជនរងគ្រោះទាំង២រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់រីឯរថយន្តអូសតាំងពីមុខក្លឹបEmpire រហូតដល់មុខក្រសួងបរិស្ថានថ្មីបន្តដំណើរលែងរួចឈប់ទុករថយន្តចោលរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់