ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ២០១៦។
ការតាំងពិព័រណ៌អាស៊ាន-ចិន នេះគឺក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១»។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន កំពុងមានភាពល្អប្រសើរ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន ជាច្រើនដងរួចមកហើយ លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះ មានទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគទេសចរណ៍ ហើយជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឲ្យកម្ពុជា នាំអង្ករទៅកាន់ប្រទេសចិន ពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយរួចពន្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិន ដើម្បីពង្រីកទីផ្សារសម្រាប់នាំទំនិញកម្ពុជា ទៅកាន់ប្រទេសចិន បន្ថែមទៀតនាពេលខាងមុខ៕
មតិយោបល់