ព័ត៌មានជាតិ

ព្រះពុទ្ធសាសនាជាសាសនា ដែលលើកកម្ពស់គុណតម្លៃ និងរួមចំណែក​ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ: ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំនូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណ:ងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។

នេះជាការលើកឡើងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រកាសតែងតាំងព្រះអគ្គញាណ ស្រេង សុខា ជាចៅអធិការវត្តនិរោធរង្សី និងគ្រូសូត្រស្តាំ ឆ្វេង នៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោក ប៉ា សុជាតិវង្ស បានបន្តថា ការប្រកាសតែងតាំង ព្រះអគ្គញាណ ស្រេង សុខា ជាព្រះចៅអធិការវត្តនិរោធរង្សី នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានថ្លែងថា ខណ្ឌច្បារអំពៅមាន២៤វត្ត ក្នុងនោះគណ:មហានិកាយចំនួន២២វត្ត និងគណ:ធម្មយុត្តិកនិកាយ ចំនួន២វត្ត ព្រះសង្ឃសរុប១២៤១អង្គ។ ដោយែក វត្តនិរោធរង្សី មានព្រះសង្ឃសរុប ចំនួន៨៨អង្គ គណ:កម្មការវត្ត អាចារ្យវត្ត ១៩នាក់ សីលវ័ន្ត សីលវត្តី ៦នាក់ និស្សិត សិស្ស ស្នាក់នៅ ចំនួន១០នាក់។ អ្វីដែលជាមោទនភាព និងចាប់អារម្មណ៍នោះ ព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទ្ឋ ក្នុងខណ្ឌច្បារអំពៅ បានបំពេញតួនាទីយ៉ាង សកម្មក្នុងការលើកស្ទួយកិត្តិយសព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពថ្លៃថ្នូររ៉ុងរឿង ដោយការគោរពប្រតិបត្តិតាមព្រះ ពុទ្ធឱវាទ ដែលជាមាគ៌ាសន្តិភាពស្ងប់រំងាប់ បង់នូវភ្លើងទុក្ខ និងភ្លើងកិលេសផងទាំងពួង ជាមាគ៌ាប្រាសចាកអំពើហិង្សា ការបៀតបៀន ការប្រទូស្តរាយចំពោះ ជីវិតសត្វ ព្រមទាំងការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ៕

photo_2016-09-10_11-44-59

photo_2016-09-10_11-44-45

photo_2016-09-10_11-44-47

photo_2016-09-10_11-44-49

photo_2016-09-10_11-44-50

photo_2016-09-10_11-44-52

photo_2016-09-10_11-44-54

photo_2016-09-10_11-44-55

photo_2016-09-10_11-44-57

មតិយោបល់