ព័ត៌មានជាតិ

កន្លែងកត់កន្ទុយលេខ ប្រមូលលុយរាប់លានក្នុងមួយថ្ងៃ កំពុងរីកដុះដាលដូចផ្សិត ក្នុងផ្សារកាច់ជ្រុង ក្រុងតាខ្មៅ

កណ្តាល: ល្បែងឆ្នោតកន្ទុយលេខជាច្រើនកន្លែង កំពុងបើកបម្រើការនៅក្នុងផ្សារកាច់ជ្រុងក្រុងតាខ្មៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរលូនមិនធ្វើឲ្យលំបាកដល់កម្លាំងនគរបាល ឬកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាននោះទេ។

អ្នកញៀនល្បែងឆ្នោតកន្ទុយលេខ បាននិយាយថា នៅក្នុងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ មានអ្នកកត់ឆ្នោតកន្ទុយ លេខជាច្រើនកន្លែងកំពុងបើកកត់ និងប្រមូល ដោយខ្លួនឯង ខ្លះស៊ីសងតាមម៉ាស៊ីនហ្វាក់ ក្នុង១ថ្ងៃៗចាញ់ឈ្នះរាប់លានរៀល ហើយគេមានកូនកញ្ច្រែងដើរ កត់តាមផ្ទះតាមភូមិ និងតាមផ្សាររោងចក្រមួយចំនួនផង។

ក្រុមអ្នកញៀនល្បែងទាំងនោះបានបន្តថា ការមកលេងឆ្នោតកន្ទុយលេខនៅផ្សារកាច់ជ្រុង គឺមានភាពងាយស្រួលដោយអ្នកកត់ទាំងនោះ គេកត់ស៊ីសងដោយផ្ទាល់ខ្លួនគេតែម្តង មិនធ្វើឲ្យអ្នកលេងពិបាកក្នុងការបើកលុយនោះទេ ម្យ៉ាងវិញទៀតទៅលេងទីនោះវាមានសុវត្ថិភាពគ្រប់គ្រាន់ មិនភ័យព្រួយខ្វល់ពីការដេញរបស់សមត្ថកិច្ចទេ។

អ្នកកត់ឆ្នោតកន្ទុយលេខម្នាក់ នៅក្នុងផ្សារកាច់ជ្រុងបាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា នៅក្នុងផ្សារកាច់ជ្រុងហៅថាផ្សាររោងចក្រនេះ គឺមានអ្នកកត់ច្រើនដោយអង្គុយចាំកត់ដូចអង្គុយលក់ត្រី ដោយភាគច្រើនគេស៊ីសងដោយខ្លួនឯង មិនបញ្ជូនទៅមេធំនោះទេ ដោយម្នាក់ក្នុង១ថ្ងៃគេប្រមូលនិងកត់បានចាប់ពី៥លានរៀល ទៅជាង១០លានរៀល។

បើយោងតាមប្រសាសន៍របស់លោក ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំនាពេលកន្លងទៅនោះថា ល្បែងឆ្នោតកន្ទុយលេខ នៅក្រុងតាខ្មៅច្រើនហើយនៅពេលលោកឡើងកាន់តំណែង ជាអភិបាលខេត្តនោះ លោកធ្លាប់កោះ ហៅអ្នកកត់ឆ្នោតកន្ទុយលេខអស់នោះមកធ្វើការណែនាំ ប៉ុន្តែអ្នកកត់ឆ្នោតទាំងហាក់បីដូចជាសប្បាយចិត្ត ពេលជួបមុខអភិបាលខេត្តដោយមិនមានភាពតក់ស្លុតអ្វី ខណៈពួកគាត់កំពុងប្រកបរបរខុសច្បាប់នោះ បែរជាពោលថា ពួកគាត់ស៊ាំអស់ហើយ ដោយសារសមត្ថកិច្ចចាប់ពួកគាត់ ញឹកញាប់ហើយ។

នៅក្នុងកិច្ចប្រជុំលោក អភិបាលបានសង្កត់ធ្ងន់ទៅលើល្បែងស៊ីសងនេះ និងឲ្យអាជ្ញាធរថ្នាក់ក្រោម នគរបាល ឬកងរាជអាវុធហត្ថត្រូវរឹតបន្តឹងចំពោះល្បែងស៊ីសងនេះ ដើម្បីអនុវត្តន៍តាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច៕

មតិយោបល់