កណ្តាលៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកណ្តាលស្ទឹង ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន៤កញ្ចប់ធំ និងរថយន្តមួយគ្រឿង ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង ៤០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានទី១មានឈ្មោះ ហុង លាងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំព្រៃតាតូច ឃុំបឹងខ្យាង ។ ជនសង្ស័យទី២ឈ្មោះ ប៉ិច ភារុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ និងជនសង្ស័យទី៣ឈ្មោះ ម៉ៅ លីអយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន០៤កញ្ចប់ធំ , រថយន្ត០១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5080 ,ទូរសព្ទ័ដៃ ០៤គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០២គ្រឿង, រួមនិងថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់មួយចំនួនទៀត ។
សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ នៅវេលាម៉ោងកើតហេតុជនសង្ស័យឈ្មោះ ម៉ៅ លីអយ បានទៅទិញម្សៅក្រាមនៅផ្ទះរបស់ឈ្មោះ ប៉ិច ភារុន ដោយពេលនោះឈ្មោះប៉ិច ភារុន បានប្រើឲ្យឈ្មោះ ម៉ៅ លីអយ ក្រឡុកលាងដបទឹកសុទ្ធឲ្យស្អាត់បម្រុងនាំគ្នាជក់ថ្នាំញៀនក្នុងផ្ទះ ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួចឆែកឆេររកឃើញម្សៅក្រាមពណ៌សរថ្លា នៅក្នុងផ្ទះរបស់ឈ្មោះ ប៉ិច ភារុន ចំនួន០៣កញ្ចប់ធំរួចសួរនាំបន្តឈ្មោះ ភារុនបានឆ្លើយថា ថ្នាំញៀននេះបានទិញពីឈ្មោះ ហុង លាងហេង សមត្ថកិច្ចក៏បន្តទៅឃាត់ខ្លួនឈ្មោះ ហុង លាងហេង បានម្នាក់ទៀត ឆែកឆេររកឃើញថ្នាំញៀនក្នុងឡាន០១កញ្ចប់ធំ តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់ ៕


















មតិយោបល់