ព័ត៌មានជាតិ

ឆក់ទូរស័ព្ទដៃជនជាតិចិនបានសម្រេ គេចខ្លួនមិនរួច

ភ្នំពេញ: ចោរឆក់ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន ខណ:ដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសជនជាតិចិនម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវគេស្រែកផ្អើលឆោឡោនិងរត់ដេញចាប់បានជនសង្ស័យម្នាក់ ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់រួមទាំងទូរស័ព្ទដៃជនរងគ្រោះទៅជាមួយផងដែរ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ (ន័រម៉េត) ទីតាំងលេខ៩១អឺ0 ផ្លូវលេខ១០៨ ភូមិទី៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សេង ឆេងហាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកបក្ខពួក២នាក់ទៀតដែររត់គេចខ្លួនបាត់នោះទី១.ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល២៧ឆ្នាំ។ ជនរងគ្រោះឈ្មោះ Zhu Hong Yu ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរលក់គ្រឿងអលង្គា ស្នាក់នៅផ្ទះសំណាក់លីហ៊រ បន្ទប់លេខ៣២២ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខE០៦៩០២៣៨១។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរលេងតាមសួនច្បាប់ម្នាក់ឯង លុះដើរមកដល់ចំណុចមុខផ្ទះសំណាក់ន័រម៉េត ទូរស័ព្ទអស់ថ្ម ភ្លាមនោះជនរងគ្រោះបានទៅសុំបុគ្គលិកផ្ទះសំណាក់សាកថ្មទូរស័ព្ទ ស្រាប់តែជនសង្ស័យ៣នាក់ ដើរមកក្បែររួចធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចរត់គេចខ្លួន តែជនរងគ្រោះដេញតាមចាប់បានម្នាក់។ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់រួមទាំងទូរស័ព្ទដៃជនរងគ្រោះទៅជាមួយផងដែរ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់៕

photo_2016-09-12_10-58-44

photo_2016-09-12_10-58-42

មតិយោបល់