ព័ត៌មានជាតិ

ប្រធានាធិបតីផុត​អាណត្តិ​លោក Hassan Rohani បាន​ប្រកាស​ទទួលស្គាល់​ជោគជ័យ​របស់​លោក ​ Ebrahim Raïsi តាំង​ពីមុន​​លទ្ធផលជា​ផ្លូវការ

ការ​រាប់​សន្លឹក​ឆ្នោត​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ ប៉ុន្តែ​លទ្ធផល​​បឋមនៃ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ប្រមាណ​៩០%​បានបង្ហាញឱ្យ​ឃើញ​ថា បេក្ខជន​មកពីបក្ស​​​អភិរក្សនិយម​ជ្រុល​​ លោក អេប្រាហ៊ីម រ៉ៃស៊ី ដណ្តើម​បាន​សំឡេង​គាំទ្រ​ដល់់​ទៅ​ជាង​៦២% ត្រូវ​ជា​១៧,៨​លាន​សំឡេង។ សំឡេង​គាំទ្រ​លំដាប់​ទីពីរ គឺ​ជា​​សំឡេងអនុប្បវាទ ឬសន្លឹក​ឆ្នោត​មិន​បានការ​ ដែល​មាន​ចំនួនច្រើនខ្លាំង​ គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដល់ទៅ​១៣%។

 

ចំណែកបេក្ខជនប្រធានាធិបតីAbdolnasser Hemmati ​ដែល​គេ​ចាត់ទុក​ថាមាន​ទំនោរ​អភិរក្ស​​កណ្តាលនិយម​ ដូច​ប្រធានាធិបតី​ផុត​អាណត្តិ​ ហាសាន់ រ៉ូហានី បាន​ទទួល​សំឡេង​គាំទ្រ​តែ​ប្រមាណ​៨%​ប៉ុណ្ណោះ​សម្រាប់ពេល​នេះ។ ពោល​គឺជា​លំដាប់​ទី​បួន នៅ​ពី​ក្រោយ​បេក្ខជន​អភិរក្ស​និយម​ជ្រុលម្នាក់​ទៀត​ឈ្មោះលោក Mohsen Rézaï (១២%)ទៅ​ទៀត។

ដូច្នេះគ្មាន​អ្វី​គួរ​សង្ស័យ​ទៀត​ទេ។ លោក រ៉ៃស៊ី នឹង​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់ថ្មី ដោយ​ទទួល​ជោគជ័យក្នុង​សម័យ​បោះឆ្នោត​ថ្ងៃទី ១៨មិថុនា​២០២១​នេះ​តែម្តង។ នៅ​ក្នុង​សន្ទរកថា​​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ លោក​ប្រធានាធិបតី​ផុត​អាណត្តិ​​ ហាសាន់​ រ៉ូហានី បាន​ប្រកាស​អបអរ​ជម្រើស​របស់​​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ដោយ​​​មិនបញ្ចេញ​ឈ្មោះ​អ្នកដែល​ត្រូវ​​មក​បន្ត​តំណែង​ពីលោក​ទេ។ តែ​នៅក្នុង​សារ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម បេក្ខជន​ប្រធានាធិបតី​ទាំង​បី​រូប​បាន​ថ្លែង​អបអរ​និងទទួល​ស្គាល់​បរាជ័យ​រៀង​ខ្លួន​ៗ និង​ក្នុង​អត្ថន័យ​ម្យ៉ាង​ៗម្នាក់។

ចំណែក​ឯ​អត្រា​អ្នក​​ចូលរួម​បោះឆ្នោត​ក៏​ទាប​ខ្លាំង​ ដូច​ដែល​គេ​បាន​ដឹង​ជា​មុន​ស្រាប់​។ គិត ​ទល់​នឹងម៉ោង​១២​អាធ្រាត្រ​ម៉ោងនៅអ៊ីរ៉ង់ ត្រូវ​ជា​ពីរ​ម៉ោង​មុនការ​បិទ​ការិយាល័យ​បោះឆ្នោត​​នៅ​រដ្ឋធានី​និង​តាមទីក្រុង​ធំៗ ចំនួន​អ្នក​ទៅ​បោះឆ្នោត​បានឡើងដល់ត្រឹម​តែ​​៤៧%ប៉ុណ្ណោះ។ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត មិន​បាន​ផ្តល់​តួលេខជា​ផ្លូវការ​​នៃ​ចំនួន​អ្នក​ចូល​បោះឆ្នោត​ទេ ប៉ុន្តែ​ចំនួន​វត្តមាន​ទំនង​ជា​អាច​ឡើង​ដល់​៥៣% ពោល​គឺ​ខ្ពស់​ជាង​ការ​ស្ទង់មតិ​​ ដែលព្យាករណ៍​ថា​ចំនួនអ្នក​អវត្តមាន​អាច​ខ្ពស់​ខ្លាំង ដល់​ទៅ​ប្រមាណ​៦០% និង​លើស​សម័យ​បោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០២០​ទៅទៀត៕

មតិយោបល់