ព័ត៌មានជាតិ

ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ស៊ីន័រ២០គ្រឿង ត្រូវមន្ទីរបរិស្ថានខេត្តកំពង់ធំបង្ក្រាបបាន

កំពង់ធំៈ ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ស៊ីន័រ២០គ្រឿង ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦ ក្រោយពីបានបង្រ្កាបនៅក្នុងតំបន់ព្រៃឡង់ ក្នុងទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីក្រសួងបរិស្ថានបានប្រគល់ការងារអភិរក្ស និងទប់ស្កាត់ការកាប់រុករានបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ និងដាក់បទបញ្ជាដោលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជការឯកភាពខេត្តកំពង់ធំ ឲ្យទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើក្នុងភូមិសាស្រ្តគ្រប់គ្រងដោយមន្ទីរបរិស្ថាន លោកបានដឹកនាំកម្លាំង ចុះបង្រ្កាបចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ សរុប៤ចំណុច ក្នុងនោះមាន ចំណុចច្រកតោ ចំណុចអូងាវ ចំណុចព្រះអាទិត្យ និងចំណុចស្រែព្រីង ហើយបង្រ្កាបបាន ឈើតាប់ ឈើក្តា សរុបចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ស៊ីន័រចំនួន២០គ្រឿង ដោយដឹកយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។

លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយពីមន្រ្តីរបស់កម្លាំងបរិស្ថានបានធ្វើសកម្មភាពចុះបង្រ្កាបដូចភ្លៀងរលឹមរួចមក ក៏សង្កេតឃើញថា បទល្មើសនៅក្នុងព្រៃឡង់ មានការថយចុះ គួរឲ្យកត់សម្គាល់ តែផ្ទុយទៅវិញបែរជាមានបទល្មើសមានការកើនឡើង នៅផ្នែកខាងក្រៅជុំវិញព្រៃឡង់ ដែលមិនស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់មន្ទីរបរិស្ថាន ដូច្នេះលោក តុប កក្តដាបានសំណូមពរឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ជួយគ្នាទប់ស្កាត់បង្រ្កាបបទល្មើសផង។

មហាជនបានរីករាយស្វាគមន៍ ចំពោះចំណាត់ការរបស់លោក អ៊ុត សំអនអភិបាលខេត្តកំពង់ធំ និងលោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានពុះពារអស់ពីកម្លាំងកាយចិត្ត ដើម្បីថែរក្សា និងទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងព្រៃឡង់៕

1098765432111

មតិយោបល់