កំពង់ធំៈ ផ្លូវលំ២ខ្សែឆ្ពោះទៅកាន់វត្តដួងសុរិយា និងទៅកាន់មណ្ឌលសុខភាពឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវប្រជាពលរដ្ឋនៅមូលដ្ឋាននោះ រួបរួមគ្នាជួសជុល និងកសាងឡើងវិញ ខណៈដែលកំណាត់ផ្លូវ២ខ្សែនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ។
ក្នុងការជួសជុល និងស្ថាបនាផ្លូវនេះ ប្រជាពលរដ្ឋបានប្រើដោយកម្លាំង និងមធ្យោបាយ ផ្ទាល់ខ្លួនមាន ដូចជា បង្គី ចប រទេះគោ ក្របី គោយន្ត និងត្រាក់ទ័រ ជាដើម ដើម្បីកាប់និង ដឹកជញ្ជូនដី យ៉ាងសស្រាក់សស្រាំ ក្រោមការដឹកនាំ របស់លោក ជា វ៉ាន់ចាន់ សមាជិកក្រុម ប្រឹក្សាខេត្ត និងព្រះចៅវត្ត ដួងសុរិយា គឺព្រះតេជគុណ ជ សុចាយ។
លោក ជា វ៉ាន់ចាន់ បានមានប្រសាសន៍ថា សកម្មភាពនេះ គឺចលនាប្រជាជន ដើម្បី ប្រជាជន ហើយ ដូនតាយើង កាលពីអតីតកាល ក៏ធ្វើដូច្នេះដែរ គឺដឹកនាំ ប្រជាជន ពុទ្ធបរិស័ទ ព្រះសង្ឃកសាង សមិទ្ធផលនានា ជាច្រើន នៅក្នុងមូលដ្ឋាន ដោយមិនពឹងលើជំនួយ ឬលុយកាក់ជួលនោះ ទេ ហើយសមិទ្ធិទាំងនោះ បានធ្វើប្រជាពលរដ្ឋដឹងថា ជាទ្រព្យសម្បត្តិរបស់ពួកគាត់ និងចូលរួម ទទួល ខុសត្រូវទាំងអស់គ្នា មិនតែប៉ុណ្ណោះ បានធ្វើឲ្យពួកគាត់បង្កើនការសាមគ្គីគ្នា បានយ៉ាងល្អ ប្រសើរ ទៀតផង។
ព្រះចៅអធិការ ព្រះតេជគុណ ជ សុចាយ បានមានសង្ឃដីការថា ផ្លូវ២ខ្សែនេះ ប្រវែង៨០០ ម៉ែត្រ និង១ខ្សែទៀតប្រវែង១១៥០ម៉ែត្រ ឆ្ពោះទៅកាន់វត្តដួងសុរិយា និងមណ្ឌលសុភាព ឃុំក្ដីដូង ហើយតភ្ជាប់ទៅកាន់បណ្ដាភូមិផ្សេងទៀត និងទីប្រជុំជនក្រុងស្ទឹងសែនទៀតផង។
គួរបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និង១២ ក្រោមការកេណ្ឌគ្នាយ៉ាងច្រើនកុះករនិង ធ្វើយ៉ាងសកម្មទាំងទឹកមុខរីករាយ របស់ប្រជាពលរដ្ឋ នៅឃុំក្ដីដូង បានធ្វើឲ្យផ្លូវ២ខ្សែនេះ ធ្វើរួច ជាស្ថាពរនិងក្លាយជាចំណងដៃ យ៉ាងសុខស្រួល ក្នុងធ្វើដំណើរ ជាពិសេសនៅរដូវបុណ្យបិណ្ឌ ភ្ជុំខាងមុខ ៕
មតិយោបល់