ព័ត៌មានជាតិ

ខឹងប្រពន្ធសុំលែង យកសាំង ២០លីត្រ ដុតផ្ទះខ្លួនឯង ឆេះខ្ទេចម៉ដ្ឋ

កណ្តាល: បុរសម្នាក់ ផឹកស្រាស្រវឹងរករឿងប្រពន្ធ ខណ:ពេលនោះ ប្រពន្ធបបួលទៅសាលាឃុំ ដើម្បីសុំលែងលះគ្នា ធ្វើឲ្យបុរសជាប្តីខឹងតូង យកសាំង ២០លីត្រ ចាក់ដុតផ្ទះឆេះម៉ដ្ឋ។ ក្រោយធ្វើសកម្មភាពរួច បុរសចិត្តភ្លើង រត់គេចខ្លួនបាត់ស្រមោល តែម្តង។

ហេតុការណ៍ដុតផ្ទះខ្លួនឯង កើតឡើង នៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៦ នេះ នាវេលាម៉ោង
១ និង២០នាទី ចំណុច ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សយ យ៉ារិទ្ធ អាយុ ២៤ឆ្នាំនៅភូមិ ឃុំកើតហេតុ ខាងលើ មុខរបរ កសិករ (ប្រពន្ធ) ជនសង្ស័យឈ្មោះ កង ខែត អាយុ ២៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ខាងលើ មុខរបរកសិករ (ប្តី) រត់គេចខ្លួន។ សម្ភារ:ខូចខាត ឆេះផ្ទះ ១ខ្នង ទទឹង ៥ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ក្រាលក្តារ និងសម្ភារ:ប្រើប្រាស់ ក្នុងផ្ទះអស់ទាំងស្រុង។

លោកមេប៉ុស្តិ៍ បន្ទាយដែក បានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនសង្ស័យ ផឹកស្រាស្រវឹង រករឿងប្រពន្ធ ពេលនោះប្រពន្ធ ក៏និយាយទៅប្តីថា បើរករឿងខ្ញុំចឹង ទៅសាលាឃុំលែងលះគ្នាទៅ ស្រាប់តែប្តីលឺដូចនេះ ក៏បានទៅប្រាប់ម្តាយក្មេកថា ប្រពន្ធខ្ញុំចង់លែងខ្ញុំ ឮដូចនេះម្តាយក្មេក ក៏និយាយទៅវិញថា វានិយាយលេងទេ។ ពេលនោះបុរសរូបនោះ ក៏បានដើរទៅផ្ទះខ្លួនវិញ ក្នុងនោះ ក្នុងដៃមានកាន់ពូថៅ និង ប៊ីដុងសាំង ប្រហែល ២០លីត្រ រួចក៏ចាក់សាំងក្រោមផ្ទះ យកដែកកេះ កេះដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះអស់តែម្តង រួចរត់គេចខ្លួនបាត់។

គួរបញ្ជាក់ថា ករណីនេះកម្លាំងប៉ុស្តិ៍ បានចុះដល់កន្លែងហេតុ និងបានកសាងសំណុំរឿង តាមនីតិវិធីនៃផ្លូវច្បាប់៕

selfhome_selffire

//youtu.be/Y0ByizI3FrY

មតិយោបល់