រតនគិរីៈ ស្រពពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទូទាំងខេត្តរតនគិរី ភ្លៀងបានបន្តធ្លាក់ ទាំងយប់ទាំងថ្ងៃ បង្កឲ្យមានជំនន់នៅតាមបណ្តាស្រុកមួយចំនួន ហើយក៏បណ្ដាលឲ្យលិចលង់ដំណាំកសិផលមួយចំនួនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងលិចផ្លូវ ស្ពាន រាំងស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយឡែកកម្ពស់ទឹកទន្លេស្រែពក និងទន្លេសេសាន្ត ក៏បានហក់ឡើងខ្ពង់គួរឲ្យកត់សម្គាល់ផងដែរ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានក្រើនរំឭកដល់អាជ្ញាធរក្រុង/ស្រុក យកចិត្តទុកដាក់ និងត្រៀមកម្លាំងបង្កា ដើម្បីអន្តរាគមន៍ក្នុងករណីមានជំនន់ខ្លាំង ដោយយើងមិនអាចធ្វេសប្រហែសបាន ឬមិនឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមរកទីទួលសុវត្ថិភាព ជាពិសេសលើកូនចៅតូចៗ ដោយហាមកុំឲ្យលេងទឹកជៀសវាងការលង់ទឹកដោយករណីណាមួយ៕



មតិយោបល់