ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ តំណាង WHO ថ្មីនៅកម្ពុជា នឹងប្រឹងប្រែងជួយវិស័យសុខាភិបាលកម្ពុជា កាន់តែល្អប្រសើរ

ភ្នំពេញ: លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីរំពឹងទុកថា លោក Liu Yunguo តំណាងរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី នឹងសហការល្អជាមួយក្រសួងសុខាភិបាលកម្ពុជា ជួយឲ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែល្អប្រសើរ។

ក្តីរំពឹងរបស់លោកទេសរដ្ឋមន្រ្តី បានស្តែងឡើងនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពេលដែលលោកអនុញ្ញាតឲ្យលោក Liu Yunguo ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការបរទេស។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានជួយប្រទេសកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៨០មក ដើម្បីលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។

លោក ប្រាក់ សុខុន ក៏បានអរគុណដល់អង្គការសុខាភាពពិភពលោក ដែលបានដាក់ចេញនូវវិស័យអាទិភាពសំខាន់ចំនួន ០៤ ក្នុងផែនការ យុទ្ធសាស្រ្តចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ លោកថា វិស័យអាទិភាពទាំងនេះ គឺស្របតាមនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

វិស័យទាំង ៤នោះ រួមមាន៖ ១. កិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ២. បញ្ហាសុខភាព និងទារក ៣. បរិស្ថានប្រកបដោយសុខភាព និងជំងឺមិនឆ្លង និងទី៤. ជំងឺឆ្លង។ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញក្តីរំពឹងថា តាមរយ:បទពិសោធន៍របស់លោក Liu Yunguo ដែលធ្លាប់បំពេញការងារនៅប្រទេសហ្វីលីពីន និងប្រទេសឡាវជាដើមនោះ នឺងចូលរួមជួយដល់វិស័យសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរ ដើម្បីចូលរួមចំណែកលើក កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប លោក Liu Yunguo តំណាងថ្មីរបស់អង្គការ WHO បានបញ្ជាក់នៅក្នុងជំនួបនោះថា លោកមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើវិស័យសុខាភិបាលនៅកម្ពុជា។ លោក Liu Yunguo បានឲ្យដឹងថា WHO នឹងខិតខំប្រឹងប្រែងក្នុងការសហការជាមួយ ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) គឺជាស្ថាប័នឯកទេសរបស់អង្គការសហប្រជាជាតិ ដែលមាននាទីជាអាជ្ញាធម៌សហប្រតិបត្តិការអន្តរជាតិ ផ្នែកសុខភាពសាធារណ:។ អង្គការនេះត្រូវបានបង្កើតឡើង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៨ និងមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕

photo_2016-09-13_20-02-39

photo_2016-09-13_20-02-42

photo_2016-09-13_20-02-45

មតិយោបល់