កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យដែលជាឪពុកក្មេករូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់កូនប្រសារខ្លួនបានសម្រេច ។ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូខាងលើនេះ មានឈ្មោះ ភុំ ភន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ គ្មានស្លាកលេខ មួយគ្រឿងដែលជាម៉ូតូរបស់ជនរងគ្រោះជាកូនប្រសារ ឈ្មោះ សឿ ជីម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីកូនប្រសារដែលជាជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ ឪពុកក្មេកដែលជនសង្ស័យខាងលើបានប្រើឧបាយកល ដោយបបួលជនរងគ្រោះជាកូនប្រសារ ដោយប្រាប់ថាប្រពន្ធរបស់ខ្លួនសឿ ជីម បានណាត់ជួបប្រុសនៅចំណុចទួលតាជា ឃ្លាតឆ្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូទៅទុកកន្លែងកើតហេតុខាងលើ រួចក៏ដើរសំដៅតាមទៅលបលួចមើលប្រពន្ធប៉ុន្តែមិនបានឃើញប្រពន្ធនៅជាមួយប្រុសណានោះទេ រួចហើយខ្លួនត្រឡប់ទៅកន្លែងទុកម៉ូតូវិញស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង។
លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាខាងលើឈានទៅដល់ការចាប់ខ្លួនយកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាឪពុកក្មេកបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់កូនប្រសារ យកទៅបញ្ចាំឲ្យគេមិនស្គាល់ឈ្មោះម្នាក់ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ បានប្រាក់ចំនួន៦០០,០០០ រៀល ហើយប្រាក់ទាំងនេះខ្លួនបានយកទៅស៊ីចាយអស់ទៅហើយ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់