ភ្នំពេញៈ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋគិតគូរឲ្យបានច្បាស់លាស់ជៀសវៀងការញុះញង់របស់គណបក្សនយោបាយមួយចំនួន ដែលនាំបងប្អូនទៅធ្វើរឿង ដែលបង្កភាពអន្តិសុខដល់ជាតិ។
ថ្លែងបែបនេះក្នុងឱកាលដែលលោកបាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់ពលរដ្ឋទីទ័លក្រចំនួន៦គ្រួសារ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ គឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូន ពីសំណាក់កាកកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានមានប្រសាសន៍ផ្ដាំផ្ញើក្តីនឹករឭកយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំឭកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុាំរៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់បងប្អូនឲ្យទៅចូលរួមចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបោះជូនគណបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ។
អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗរួមមាន៖ អង្គរមួយបាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ១យួរ ស្ករស១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង១កេស ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិកា៣ម៉ឺនរៀល៕
មតិយោបល់