ព័ត៌មានជាតិ

មុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគារម្នាក់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមពទ្ធ័ចាប់ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម និងធ្លាប់ជាប់​ពន្ធនាគារម្នាក់ យកមកធ្វើការសាកសួរ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពី យប់រំលងអាធ្រាត រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ទើបចាប់ខ្លួនជន​សង្ស័យបាន ស្ថិតនៅចំណុច ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ផាន់ វែង អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងបុរីសន្តិភាព២ ហើយជាមុខសញ្ញាចាស់ធ្លាប់ជាប់​ពន្ធនាគារ៦ខែផងដែរ ពីបទលួច និងគាស់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានចោរធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ចូលលួចយកទូរទស្សន៍១គ្រឿង ក្នុងបុរីសន្តិភាព២ ទើបក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែន​ជ័យដឹកនាំ​កម្លាំង​ចុះធ្វើការឡោមពទ្ធ័ចំណុចកើតហេតុខាងលើ តាំងពីយប់ រហូតដល់ព្រឹកទើបអាចចាប់ខ្លួនជនសង្ស័យខាងលើនេះបាន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គាស់ផ្ទះ

គាស់ផ្ទះ

មតិយោបល់