ព័ត៌មានជាតិ

សាលាខណ្ឌសែនសុខ បើកកិច្ចប្រជុំ គណៈបញ្ជាឯកភាពខណ្ឌ

ភ្នំពេញ: មន្ត្រីថ្នាក់ដឹកនាំគណ:បញ្ជាការឯកភាព សាលាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំ របស់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ គោលដៅរឹតបណ្តឹង និងការពារ ទប់ស្កាត់ បទល្មើសនានាក្នុងមូលដ្ឋាន ដើម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជននៅក្នុងមូលដ្ឋាន ដើម្បីជាការឆ្លើយតប និងអនុវត្តតាមគោលនយោបាយ ភូមិ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនោះលោក ប៉ឹល កុសល ប្រធានគណ:បញ្ជាការឯកភាពខណ្ឌនិងជាអភិបាលនៃគណ:អភិបាលខណ្ឌសែនសុខ បានផ្តោតការយកចិត្តទុកដាក់សំខាន់ជាងគេ ទៅលើល្បែងស៊ីសងខុសច្បាប់ ជាពិសេស គឺ ល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិច និងល្បែងផ្សេងៗទៀត ដូចជា កន្ទុយលេខ និងល្បែងប៊ៀរ អាប៉ោង ជាដើម។

លោកអភិបាល ក៏បានជំរុញឲ្យមានការប្រឹងប្រែងទប់ស្កាត់នូវបទល្មើសគ្រឿងញៀន និងអំពើចោរកម្មផ្សេងៗ ដែលបញ្ហាទាំងនេះវាបានកំពុងតែបញ្ចេញនូវសកម្មភាព ជាច្រើនដែលជាមុខសញ្ញាគ្រោះថ្នាក់សម្រាប់សង្គម ចាំបាច់ត្រូវតែបង្ក្រាបនិងទប់ស្កាត់ឲ្យបានល្អ។

ក្នុងនោះលោក បានស្តីបន្ទោសដល់សមត្ថកិច្ចតាមមូលដ្ឋានថ្នាក់ប៉ុស្តិ៍និងសង្កាត់ មួួចំនួនតូច ដែលមិនសូវយកចិត្តទុកដាក់ចំពោះ បញ្ហាទាំងនេះ ដោយហេតុថា ចៅសង្កាត់ មួយចំនួនលាក់បាំងបទល្មើស ទាំងនេះដោយមិនរាយការណ៍មកខណ្ឌសោះរហូតទាល់តែខាងសាលាខណ្ឌដឹងរឿងដោយខ្លួនឯង ។ តួយ៉ាងដូច កាលពីយប់មិញថ្ងៃទី១៣ នគរបាលខណ្ឌបានទៅឆ្មក់ចាប់ទីតាំងល្បែងស៊ីសង ប៊ៀរនិងអាប៉ោងមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ តែបែជាលោកចៅសង្កាត់អត់ដឹងនិង មិនបានរាយ​ការណ៍​មកសាលាខណ្ឌនោះឡើយ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឡើងសំណូមពរដល់លោកអភិបាលខណ្ឌ ជួយធ្វើការសហការ ដាក់កម្លាំងប្រជាការពារ ឲ្យមកចូលរួម​សហការ យាមល្បាតជាក្រុមរួមគ្នា ជាមួយនឹងកម្លាំងនគរបាលមូលដ្ឋានទើបអាចងាយស្រួលទប់ស្កាត់និងបង្ក្រាប បទល្មើសនានា។ ចំណុចនេះ លោកអភិបាលបានឯក​ភាពតាមសំណូមពរផងដែរ ៕

សាលាខណ្ឌសែនសុខ​

សាលាខណ្ឌសែនសុខ​

សាលាខណ្ឌសែនសុខ​

សាលាខណ្ឌសែនសុខ​

សាលាខណ្ឌសែនសុខ​

មតិយោបល់