ព័ត៌មានជាតិ

ឆក់ទូរស័ព្ទរបស់ជនបរទេសបានសម្រេច ត្រូវសមត្ថកិច្ចចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេទាំងនោះ​បានតាមឆក់​កាបូបនិងទូរស័ព្ទដៃរបស់ជនជាតិនីហ្សេរីយ៉ាម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលា​ម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខហាងយីហោពន្លក តាមផ្លូវព្រះស៊ីសុវត្ថិ ភូមិ១សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ oki gbo obinna ជនជាតិនីហ្សេរីយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ជា តាំងហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខអេ០៥ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួនបាន) ។ ចំណែកបក្សពួកដែលរត់គេចខ្លួនបាត់នោះមានឈ្មោះ ប៉ែន ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ពួកគេ​ជិះ​ម៉ូតូមួយគ្រឿងធ្វើកម្មភាពម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU-8597 ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិហើយបានលើកទូរស័ព្ទនិយាយ ស្រាប់តែភ្លាមៗនោះជនសង្ស័យជិះម៉ូតូមួយ​គ្រឿងមានគ្នា២នាក់ ដោយឈ្មោះជា តាំងហុង ជាអ្នកបើកម៉ូតូ លុះជិះមកដល់ចំណុចខាងលើជនសង្ស័យ​ធ្វើសកម្មភាពឆក់​ទូរស័ព្ទ​ពីជនរងគ្រោះបានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាម ធ្វើឲ្យជនសង្ស័យភ័យដួលម៉ូតូ ចាប់ម្នាក់និងដកហូតបានទូរស័ព្ទដៃរបស់ជនរងគ្រោះវិញ ។ចំណែកបក្សពួកម្នាក់ទៀតឈ្មោះប៉ែន បានរត់គេចខ្លួនបាត់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ចោរឆក់ចោរឆក់ចោរឆក់

មតិយោបល់