កំពង់ឆ្នាំងៈ បុរសចំណាស់ម្នាក់ បានរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ដោយសារតែត្រូវម៉ូតូធំ១គ្រឿង បើកដោយយុវជន២នាក់ ក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង នៅផ្លូវខ្វែងទិសគ្នា ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ មុខទីបញ្ជាការដ្ឋានកងរាអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
បើតាមនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានលើកឡើងថា ជនរងគ្រោះរបួសបាក់ភ្លៅមានឈ្មោះ ស៊ឹម គ្រី ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូហុងដាឌ្រីម សេ១២៥ សេរី០១១ ពាក់ស្លាកលេខកំពង់ឆ្នាំង1D. 0088 អត់កញ្ចក់ អត់ពាក់មួក បានរងរបួសបាក់ភ្លៅខាងស្តាំ ។ ចំណែកយុវជនដែលជាអ្នកបង្កគ្រោះថ្នាក់ ១.ឈ្មោះ ហៃ លីហៀង ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក CBR600.CC អត់ស្លាកលេខ អត់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព និង២ឈ្មោះ ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជិះពីក្រោយអត់មួក រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច គេទាំង២នាក់ រងរបួសស្រាល ។
ប្រភពពីអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ស៊ឹម គ្រី ដែលជិះម៉ូតូសេ១២៥ បានធ្វើដំណើរ ក្នុងទិសដៅពីលិច ទៅកើត ខាងត្បូងរបងទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូធំខាងលើបើកបរ ក្នុងដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូជនរងគ្រោះពេញទំហឹង ក្នុងផ្លូវខ្វែងទិសតែម្តង បណ្តាលឲ្យម៉ូតូជនរងគ្រោះប៉ើងខ្ទាតជាច្រើនម៉ែត្រ ហើយជនរងគ្រោះ បានរងរបួសធ្ងន់បាក់ជើងភ្លៅ ខាងស្តាំហូរឈាមពេញថ្នល់ជាតិ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ក្នុងហេតុការណ៍នេះដែរ យុវជន២នាក់ ដែលបានរងរបួសស្រាល ។ ករណីនេះ ម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចយករក្សាទុក នៅអធិការនគរបាល ក្រុងកំពង់ឆ្នាំង កសាងសំណុំរឿង រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
មតិយោបល់