ភ្នំ្នពេញៈ មន្រ្តីស្ថានទូតអាមេរិក បានចំណាយពេលជិតពីរម៉ោងកាលពីរសៀលថៃ្ងពុធនេះ ដើម្បីផ្តល់ព័ត៌មានគន្លឹះថា «តើនិស្សិតកម្ពុជា ត្រូវធ្វើដូចមេ្តចខ្លះ ដើម្បីទទួលបានវីសា(Visa)និងអាហារូបករណ៍ (Scholarship) ទៅសិក្សានៅសហរដ្ឋអាមេរិក»។
លោក Collin Webster មន្រ្តីកុងស៊ុលរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានផ្តល់ព័ត៌មានជាច្រើនជុំវិញទម្រង់បែបបទនិងនីតិវិធីងាយៗ ដើម្បីឲ្យនិស្សិតកម្ពុជាអាចទទួលបានវីសាដោយជោគជ័យ ទៅសិក្សានៅសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះអ្នកស្រី ម៉ៅ កូឡាប ទីប្រឹក្សាផែ្នកអប់រំរបស់អាមេរិកប្រចាំនៅកម្ពុជា ក៏បានផ្តល់ព័ត៌មានជាគន្លឹះល្អៗដល់និស្សិតកម្ពុជាដើម្បីឲ្យគេអាចទទួលបានអាហាររូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកដោយពុំចាំបាច់បង់ប្រាក់ឬក៏ត្រូវបង់តិចតួច។
ការផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ខាងលើដែលនិស្សិតបរទេសរាប់លាននាក់ ចង់បាននិងចង់ដឹងត្រូវបានធ្វើទៅកាន់និស្សិត AUPP ប្រមាណជា១០០ នាក់ដែលកំពុងសិក្សានៅឆ្នាំទី២, ៣និងឆ្នាំទី៤ តាមសំណើររបស់សាកលវិទ្យាល័យ AUPP ទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា។
លោក សាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការរបស់ AUPP បានមានប្រសាសន៍ថា ស្ថាបនិក ក្រុមប្រឹក្សាភិបាល និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ AUPP « សូមស្វាគមន៍ក្មួយៗក្នុងការពិចារណាមកសិក្សានៅសាកលវិទ្យាល័យរបស់យើងខ្ញុំ។ កត្តាជោគជ័យនាពេលអនាគតរបស់ក្មួយៗអាស្រ័យលើការជ្រើសរើសសញ្ញាបត្រពីសាកលវិទ្យាល័យ ប្រកបដោយគុណភាពខ្ពស់បំផុត»។
AUPP បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យធំៗចំនួនពីរ នៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់ កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees)។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP ៕
មតិយោបល់