ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងបុរី ប៉េង ហ៊ួត ត្រូវអគ្គិភ័យឆាបឆេះ ខណៈពេលដែលម្ចាស់ផ្ទះបានដុតធូបសែននំព្រះខែទុកចោល រួចចាក់សោចេញក្រៅ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវឧកញា ម៉ុង រិទ្ធី ក្នុងបុរី ប៉េង ហួត ចំណុចផ្លូវQ-08 ផ្ទះលេខ6 ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានយកនំសែនព្រះខែដាក់នៅតាមជំនាងផ្ទះកុងម៉ា រួចបានដុតធូប ហើយម្ចាស់ផ្ទះមិនបានប្រយ័ត្នក៏ទុកចោល រួចក៏ចាកចេញទៅក្រៅបាត់ ស្រាប់តែភ្លើងធូបបានឆាបឆេះឡើងរាលដាល ភ្លាមៗនោះ ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ ព្រោះតែខ្លាចមានការរាលដាលដល់ផ្ទះអ្នកជិតខាង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានជួយអន្តរាគមន៍ហៅរថយន្តពន្លត់ និងយកបំពង់ពន្លត់អគ្គិភយ័ចំនួន៧បំពង់មកបាញ់អន្តរគមន៍ ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានមកដល់ជួយបាញ់ពន្លត់ ដោយប្រើប្រាស់អស់ទឹកមួយគ្រឿងក៏បានរលត់ទៅវិញនៅវេលាម៉ោង១០និង២០នាទីព្រឹក។
មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការដុតធូបសែននំព្រះខែ ដាក់នៅលើជំនាងផ្ទះកុងម៉ា ដោយមិនប្រយ័ត្ន។ ចំពោះការខូចខាតទ្រព្យសម្បត្តិមានដូចជា ពូក សាឡុង ជំនាងកុងម៉ា ម៉ាស៊ីនត្រជាក់ ពិដាន រួមនិងរបស់របរមួយចំនួនទៀត៕
https://youtu.be/ahZB3lJzHSQ
មតិយោបល់