ភ្នំពេញៈ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្វែងរកដំណោះស្រាយ និងពិនិត្យគំរូប្លង់នៅចំណុចសំខាន់ៗ ដែលត្រូវសាងសង់ស្ពានអាកាស គឺនៅរង្វង់មូលចោមចៅ ស្ពានអាកាសក្បាលថ្នល់ និងរង្វង់មូលទួលគោក។
រដ្ឋបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញាកន្លងទៅបានប្រជុំពិភាក្សា ជាមួយក្រុមការងារបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយ និងជម្រើសល្អបំផុត កាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិប្បរមា និងត្រូវសិក្សាបច្ចេកទេសផ្លូវឱ្យបានច្បាស់លាស់ ព្រោះជាតំបន់ឧស្សាហកម្ម ដែលមានរថយន្តធំៗ ដឹកទំនិញចេញ-ចូល និងភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ឆ្លងកាត់ ។
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាស នៅត្រង់រង្វង់មូលចោមចៅ ដែលកំពុងស្ថិតក្នុងដំណាក់ការ សិក្សាប្លង់នៅឡើយ ដើម្បីដោះស្រាយ ការកកស្ទះចរាចរណ៍ នៅច្រកចេញចូល ក្នុងរាជធានីភ្នំពេញ ឲ្យបានកាន់តែល្អប្រសើរ។ តាមផែនការ ស្ពានអាកាសចោមចៅគ្រោងនឹងស្ថាបនានៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។ ខាងក្រោមជាគំរូប្លង់ស្ពានអាកាសចោមចៅ ៣ជម្រើសផ្សេងគ្នា៕
មតិយោបល់