សៀមរាបៈ ដោយមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក៏ដូចជា លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរ បាលខេត្តសៀមរាប ចំពោះមន្ត្រីនគរបាល ដែលមានស្នាដៃល្អ និងសកម្មការងារ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិ មានចំនួន១២៣នាក់ ចំណុះឲ្យស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ។
បើតាមពិធីនេះ ត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នាអធិការដ្ឋាននគរបាល ស្រុកជីក្រែង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរង ទទួលផែនគ្រប់គ្រង់ ធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប លោក ពៅ ប៊ុនធឿង អភិបាល នៃគណៈអភិបាល ស្រុកជីក្រែង និងលោក ផាត់ ស៊ីវ សមាជិកក្រុមប្រឹក្សាស្រុក ។
ចំណែកលោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានអានរបាយការណ៍ ស្តីពីលទ្ធផលស្នាដៃ ការងារ ក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលស្រុក ដែលបានអនុវត្តន៍កន្លងមក ជូនអង្គពិធីទាំងមូល។ បន្ទាប់មកលោកវរសេនីយ៍ទោ តូច សាកល នាយការិយាល័យនគរបាល និងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឡើងអាន ប្រកាសស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្ដិ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួចមកលោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរងនគរបាល ខេត្តសៀមរាប បានធ្វើការបំពាក់ ឋានន្តរស័ក្ដិជូនដល់មន្ត្រី នគរបាលជាតិចំនួន១២៣នាក់ ក្នុងនោះ រួមមាន៖ ទី១.ថ្នាក់អនុសេនីយ៍ឯក ១នាក់។ ២.ថ្នាក់អនុសេនីយ៍ទោ ១១នាក់។ ៣.ថ្នាក់អនុសេនីយ៍ត្រី ៣២នាក់។ ៤.ថ្នាក់ព្រឹន្ទបាលឯក ១៦នាក់។ ៥.ថ្នាក់ព្រិន្ទបាលទោ ៣៨នាក់ និងប្រកាសតួនាទី ២៥នាក់ ៕
មតិយោបល់