ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសអតីតឧត្តមសេនីយ៍ទោឧកញ៉ា ងិន មនោ ដាក់គុកត្រឹមតែមួយឆ្នាំ តែព្យួរទោសទាំងអស់រឿងចេញសែកស្អុយជិត២០ម៉ឺនដុល្លារ

ភ្នំពេញៈ ក្រោយពីបើកសវនាការកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ និងលើកពេលប្រកាសសាលក្រមជាច្រើនលើកច្រើនសាររួចមក នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះលោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតឧត្តម​សេនីយ៍​ទោយោធា មានងារឧកញ៉ា ឈ្មោះ ងិន មនោ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៥លានរៀលចូលជា​ថវិកា​រដ្ឋ ក្រោមបទចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ប្រមាណជាជាង ១៦ម៉ឺនដុល្លារ យោងតា​ម​មាត្រា​២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សូមបញ្ជាក់ថា ជនជាប់ចោទជា អតីតឧត្តមសេនីយ៍ទោយោធា មានងារឧកញ៉ា ឈ្មោះ ងិន មនោ នៅក្នុងសវនាការក្នុងគ្រាកន្លងទៅធ្លាប់បានសារភាព​ទទួលស្គាល់កា​រ​ពិត​ដូចការចោទប្រកាន់របស់តុលាការមែន។ ហើយជនជាប់ចោទរូបនេះកំពុងមានសំណុំរឿងជាច្រើនទៀតនៅក្នុងដៃតុលាការផងដែរ។

គួររំលឹកថា សមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ជនជាប់ចោទរូបនេះកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ តាមពាក្យបណ្តឹង​របស់ដើម​បណ្តឹងម្នាក់មានងារជាឧកញ៉ាដែរ ពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយ) ប្រមាណជា១៦ម៉ឺនដុល្លារ ៕

តុលាការ.ងិន មនោតុលាការ.ងិន មនោ

https://youtu.be/StBq7EgmQrM

មតិយោបល់