ព័ត៌មានជាតិ

ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ ក្របួច.កជនសង្ស័យ២នាក់ បន្ទាប់ពីឆក់កាបូបជនជាតិចិន

ភ្នំពេញៈ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ជិះ​ប្រដេញ​ចាប់ឃាត់​ខ្លួន​បន្ទាប់​ពី​ធ្វើសកម្មភាពឆក់កាបូប​ពីរ​ជនជាតិបរទេស​។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង​៩និង១០នាទី​យប់​ ថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ខាងរោងចក្រ​ផលិត​ទឹក​សុទ្ធ​វីតាល់​ តាមបណ្ដោយ​ផ្លូវ​៥៨៩​ ស្ថិតក្នុងសង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ ដឹង​ថា​នៅមុន​ពេលកើតហេតុ​គេឃើញយុវជន២នាក់ដែល​ជាជនសង្ស័យ​បានបើកបរម៉ូតូមួយគ្រឿងម៉ាក​ ហុងដាប៊ីត​ ពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1HK-5893 បើកបរ​ក្នុងសភាពភ័យ​ស្លន់ស្លោ​តាមបណ្ដោយ​ផ្លូវ​៥៨៩​ ទិស​ដៅពី​ត្បូង​ទៅ​ជើង​ និងក្នុងល្បឿនយ៉ាងលឿន​ និងមាន​កម្លាំងស៊ីវិល​របស់​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ប្រមាណ៧ទៅ៨ម៉ូតូ​ជិះដេញតា​មពី​ក្រោយ​។ លុះមកដល់​ចំណុច​កើត​ហេតុ​កម្លាំង​ស៊ីវិល​ទាំងនោះ​ ក៏បានធ្វើការស្ទាក់ចាប់វាយខ្នោះ​ជនសង្ស័យ​ទាំង២នាក់​ខាងលើភ្លាមៗតែម្តង​ តែមិនបានបញ្ជាក់ប្រាប់ឲ្យបានដឹងច្បាស់នោះទេ​ គឺគ្រាន់តែ​គ្រាន់​តែ​ប្រាប់​ថា​នៅមុនពេលកើតហេតុជនសង្ស័យ​២នាក់​នោះ​ បានធ្វើសកម្មភាព​ឆក់កាបូប​ពីជន​បរទេស​ នៅម្តុំ​ស្រែ​អំបិល​ តាមបណ្ដោយ​ផ្លូវ​៦៣​ ស្ថិតក្នុងសង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ហើយកម្លាំងពួកគាត់ប្រទះឃើញក៏ជិះដេញចាប់តែម្តង។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ទាំង២នាក់​ខាងលើ​រួមទាំង​វត្ថុ​តាង​ត្រូវបាន​កម្លាំង​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នាំ​នៅ​ឯក្រសួងមហាផ្ទៃដើម្បីរង់ចាំ​ចាត់ការទៅតាម​នីតិវិធី​ច្បាប់​ជាបន្ត​ទៀត​៕

មតិយោបល់