ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ«រាំញីកែងជើង» ប្រកាសច្រៀងលើកម្រាលព្រំនៅថ្ងៃស្អែក

ភ្នំពេញៈ ខណៈដែលព្រឹត្តិការណ៍ដើរលើកម្រាលព្រំដ៏អស្ចារ្យរបស់សាកលវិទ្យាល័យន័រតុននៅថ្ងៃទី១៧ កញ្ញា ដើម្បីមន្ទីរពេទ្យគន្ធបុប្ផាមិនត្រូវគេឃើញប្រកាសពីឈ្មោះ តារា ចម្រៀង ងួន ច័ន្ទដេវីត នោះ ម្ចាស់បទ«រាំញីកែងជើង»រូបនេះបែរជាប្រកាសចូលច្រៀងនៅក្នុងព្រឹត្តិការណ៍នេះគួរឲ្យភ្ញាក់ផ្អើល។ បទ ចម្រៀង ញាក់ៗរបស់លោកក៏​ត្រូវគេ​រំពឹង​ថា នឹងមានអ្នករាំនៅលើកម្រាលព្រំខាងក្នុងបរិវេណសាកលវិទ្យាល័យយ៉ាងកកកុញផងដែរ ដោយសារតែម្ចាស់បទដ៏ល្បីឈ្មោះរូបនេះមានបទទាក់ទាញ​ជាច្រើនជា​ពិសេស​គឺបទ«រាំញីកែងជើង»ដែលម្នាក់ៗគ្រាន់តែឭក៏ចាប់អារម្មណ៍ចង់រាំ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកGroup «គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍សិល្បៈសម្រាប់វេទិកាដើរលើកម្រាលព្រំដ៏អស្ចារ្យនេះ បានអះអាងថា លោកងួន ច័ន្ទដាវីត បានស្ម័គ្រចិត្តចូលច្រៀងនៅក្នុងកម្មវិធី បន្ទាប់ពីបានដឹងថាព្រឹត្តិការណ៍ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ កញ្ញាស្អែក បានក្លាយជាព្រឹត្តិការណ៍​សប្បុរស​ដែល​មានទ្រង់ទ្រាយធំសម្រាប់ជំនួបអ្នកសិល្បៈ និងនិស្សិតដែលត្រូវគេរំពឹងថានឹងចូលទស្សនាកកកុញ។ លោកថាលោកងួន ច័ន្ទដេវីត បានសម្រេចចិត្តជួយច្រៀងដោយ​មិន​គិតកម្រៃ និងសូម្បីតែលោកមិនមានរូបថតនៅលើប៉ាណូដូចតារាល្បីៗឈ្មោះផ្សេងទៀត។ លោកថាលោកដេវីត បានពេញចិត្តបង្ហាញខ្លួននៅក្នុងពិធីនេះដោយគ្មាន​លក្ខ​ខណ្ឌ ដោយលោកមានបំណងតែមួយគត់ គឺចង់ឲ្យព្រឹត្តិការណ៍រៃអង្គាសថវិកាដែលបានរៀបចំឡើងដោយនិស្សិតពេទ្យនៅសាកលវិទ្យាល័យន័រតុន គាំទ្រដោយសាក​ល​វិទ្យា​ល័យ​ន័រតុន និងមានការសហការដោយផ្ទាល់ពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា» ប៉ុណ្ណោះ។

លោកដេវីត នឹងបកស្រាយចម្រៀងចំនួន៤បទនៅលើកម្រាលព្រំ ដែលមានវត្តមានតារាសិល្បៈ និងមហាជនចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃស្អែក ដោយក្នុងចំណោមនោះ​អ្នករៀបចំ​កម្មវិធីក៏គម្រោងរៀបចំឲ្យមានសកម្មភាពរាំញីកែងជើងនៅលើកម្រាលព្រំ ពីសំណាក់អ្នកចូលរួមផងដែរ។ លោកផាត់ តារារដ្ឋ បញ្ជាក់ថា បទចម្រៀងរបស់​លោកងួន ច័ន្ទដេវីត នឹងត្រូវបន្លឺឡើងនៅចន្លោះពីម៉ោង៦:២០នាទី ដល់ម៉ោង៧យប់ ដោយមិនមានវត្តមានរបស់អ្នកនាង ពេជ្រ សោភា ដែលជាដៃគូនោះឡើយ។
ជា​មួយ​​នឹងការបង្ហាញខ្លួនរបស់ម្ចាស់បទ«រាំញីកែងជើង»នេះហើយ ដែលគេកត់សម្គាល់អ្នកចូលរួមទាំងតារាសិល្បៈ និងនិស្សិតភាគច្រើន មានការចាប់អារម្មណ៍ និងសម្លឹង​ឃើញថាព្រឹត្តិការណ៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលមានលក្ខណៈជាការបង្ហាញខ្លួនរបស់តារាសិល្បៈល្បីៗនៅលើកម្រាលព្រំ និងលើឆាកតន្ត្រី នឹងកក្រើក​មិនធ្លាប់មាន។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាមានការចូលរួមច្រៀង កំប្លែង និងដើរម៉ូដដោយតារាល្បីៗចំនួន៤២រូប និងមានវត្តមានតារាសិល្បៈជាភ្ញៀវ​កិត្តិយសជាច្រើន​ទៀតដើម្បីញាំងឲ្យព្រឹត្តិការណ៍មានភាពកក្រើកខ្លាំង៕

photo_2016-09-15_23-14-53photo_2016-09-15_23-14-56photo_2016-09-15_23-15-02photo_2016-09-15_23-15-06photo_2016-09-15_23-15-09photo_2016-09-15_23-15-13photo_2016-09-15_23-15-16photo_2016-09-15_23-15-19photo_2016-09-15_23-15-22

មតិយោបល់