ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលព្រឹត្តិការណ៍ដើរលើកម្រាលព្រំទ្រង់ទ្រាយធំរបស់សាកលវិទ្យាល័យន័រតុន ត្រូវបានអ្នករៀបចំកម្មវិធីអះអាងថាកើនដល់ជិត១០០នាក់ ដែលស្ម័គ្រចិត្តបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅនៅល្ងាចថ្ងៃទី១៧ កញ្ញាស្អែក។ តារាទាំងនោះក្រៅពីស្ម័គ្រចិត្តច្រៀងរាំ ស្ម័គ្រចិត្តដើរម៉ូដ និងស្ម័គ្រចិត្តកាន់ហិបរៃអង្គាសថវិកាដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏មានតារាល្បីៗស្ម័គ្របង្ហាញខ្លួននៅលើកម្រាលព្រំដើម្បីឲ្យសិស្សនិស្សិតបានថតរូបជាមួយនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកGroup «គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍សិល្បៈសម្រាប់វេទិកាដើរលើកម្រាលព្រំនៅថ្ងៃទី១៧ កញ្ញា នៅបរិវេណសាកលវិទ្យាល័យន័រតុន បានអះអាងថាយោងតាមតារាងកម្មវិធីចុងក្រោយ តារាសិល្បៈដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះនឹងអាចឈានដល់រង្វង់១០០នាក់ ដោយសារតែក្រៅពីតារាចម្រៀង តារាម៉ូដែល និងតារាដែលត្រូវកាន់ហិបនៅលើកម្រាលព្រំ គឺមានតារាសិល្បៈល្បីៗឈ្មោះ ដែលក្នុងនោះរួមមានផលិតករផង ក៏បានប្រកាសថានឹងបង្ហាញខ្លួននៅល្ងាចថ្ងៃស្អែកផងដែរ។ លោកថាប្រសិនបើកម្មវិធីនោះមិនមានការរំខានដោយភ្លៀង នោះតារាសិល្បៈដែលបានគ្រោងទុកនឹងមានចំនួនកុះករ ហើយក៏នឹងក្លាយជាព្រឹត្តិការណ៍សប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផាលើកទី១ ដែលមានតារាសិល្បៈល្បីៗស្ម័គ្រចិត្តចុះជួយដើម្បីឲ្យមានភាពអ៊ូរអរផងដែរ។ លោកថានៅក្នុងព្រឹត្តិការណ៍ច្រៀងរាំ និងដើរលើកម្រាលព្រំមិនធ្លាប់មាននៅសាកលវិទ្យាល័យន័រតុននេះរួមមានតារាចម្រៀងមកពីផលិតកម្មចម្រុះគ្នាជួយច្រៀងដោយឥតគិតថ្លៃចំនួនជាង១០រូប និងតារាសម្ដែង តារាកំប្លែងរហូតដល់ជាង៣០រូបស្ម័គ្រចិត្តជួយដល់កម្មវិធី។
ចំនួននេះនៅមិនទាន់រាប់បញ្ចូលតារាកិត្តិយសដែលបានប្រកាសថានឹងចូលរួមដូចជា លោក សុះ ម៉ាច អ្នកនាងស្វែង សុជាតា អ្នកនាងកែវ ពេជ្រពិសី លោកកុយ ស៊ីឌឿន លោកបញ្ញា សិទ្ធ កញ្ញាថន ស្រីណៃ កញ្ញាប៉ុបពី លោកម៉េង ប៊ុនលី លោកហម ឈរ៉ា កញ្ញាហេង ស្រីពេជ្រ តារាសម្ដែង ង៉ែត សុវណ្ណលីតា អ្នកនាងចាន់ សុផានី លោកវីជេអាឡាស្កូ និងតារាជាច្រើនរូបទៀតដែលសុទ្ធតែបានបញ្ជាក់ថានឹងចូលរួមនៅឡើយផង។ លោកថាព្រឹត្តិការណ៍នេះ តារាចម្រៀង និងតារាសម្ដែងទាំងអស់ នឹងត្រូវកំណត់ឲ្យចេញច្រៀង និងដើរម៉ូដនៅលើកម្រាលព្រំដែលមាននិស្សិត និងមហាជនឈរអមសងខាងព្រំយ៉ាងវែង ហើយឆ្ពោះទៅកាន់ឆាកតន្ត្រីទំហ៊ំ១០ម៉ែត្រ ដែលត្រូវរៀបចំដេគ័រដោយ P Enter នៅក្នុងពិធី។ លោកថាតារាទាំងអស់ត្រូវបានបង្ហាញខ្លួននៅលើកម្រាលព្រំ ដោយអាចប៉ះដៃ និងថតសែលហ្វីជាមួយជាមួយអ្នកគាំទ្រយ៉ាងច្រើនកុះករយ៉ាងកម្រ ដែលមិនខុសពីការរំលេចភាពជិតស្និទ្ធិរវាងតារាល្បីៗ និងអ្នកគាំទ្រនោះឡើយ។ ព្រឹត្តិការណ៍នេះក៏នឹងត្រូវកំណត់ឲ្យអ្នកចូលរួមមានក្រមាជាប់ខ្លួន និងគម្រោងរាំ លេងរវាងតារា និងអ្នកចូលរួមនៅលើកម្រាលព្រំរួមគ្នាផងដែរ។
លោក តារារដ្ឋ បញ្ជាក់ថា បទញាក់ល្បីៗរួមមាន«រាំញីកែងជើង» និងបទជាច្រើនទៀតនឹងត្រូវបានច្រៀងបង្ហាញដោយម្ចាស់បទដោយផ្ទាល់ ខណៈដែលតារាសិល្បៈដែលស្ថិតនៅលើកម្រាលព្រំ ក៏ជាអ្នកបំផុសឲ្យមានអ្នកទស្សនាធ្វើការបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ថែមពីលើបង្ហាញភាពជិតស្និទ្ធ។ ព្រឹត្តិការណ៍នេះក៏ត្រូវរំពឹងថា នឹងទទួលបានចំណូលច្រើនដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដោយសារតែការបរិច្ចាគ ការទិញផលិតផលមួយចំនួនដែលដាក់លក់តាមស្ដង់ និងការតាំងស្ដង់ជាដើម គឺត្រូវបាននិស្សិតពេទ្យ និងសាកលវិទ្យាល័យន័រតុនទាំងមូលប្រកាសថា មិនប្រើដើម្បីទូទាត់ចំណាយ ដូចកម្មវិធីសប្បុរសទូទៅ៕
មតិយោបល់