ភ្នំពេញៈ បុរសម្នាក់បើកបរម៉ូតូលឿន ខ្វះការប្រុងប្រយត្ន័ មិនបន្ថយល្បឿនត្រង់ចំណុចផ្លូវកោង បូងចង្កូតមិនទាន់ក៏ជ្រុលបើកធ្លាក់ចូលទៅក្នុងប្រឡាយ បណ្តាលឲ្យលង់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង ៤០នាទីយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ខាងជើងវត្តឬស្សីសាញ់ ប្រហែល១៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ដែលបានចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ នី រតន៍ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយបើតាមការប៉ាន់ស្មានរបស់អាវុធហត្ថ បានឲ្យដឹងថា មុនពេលកើតហេតុ ទំនងជាបុរសខាងលើនេះ បើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DH-5659 បើកលឿនខ្វះការប្រុងប្រយ័ត្ន រហូតមកដល់ចំណុចផ្លូវកោងដែលជាចំណុចកើតហេតុ បូងចង្កូតមិនទាន់ ក៏ធ្លាក់ទាំងម៉ូតូនិងម្ចាស់ចូលទៅក្នុងប្រឡាយទឹកតែម្តង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនអាវុធហត្ថខណ្ឌ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងអាវុធហត្ថខណ្ឌដង្កោ បានចុះទៅពិនិត្យនិងស្រង់ជនរងគ្រោះឡើងមកលើគោក ដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែនៅពេលរថយន្តសង្គ្រោះមកដល់ពិនិត្យទៅលើជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ ទើបអាវុធហត្ថប្រគល់សាកសពជនរងគ្រោះនិងម៉ូតូទៅឲ្យនគរបាលចរាចរណ៍ខណ្ឌដង្កោ យកមកតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតក្នុងខេត្តកំពង់ចាម ៕
មតិយោបល់