ព័ត៌មានជាតិ

ហៅ​ម៉ូតូឌុប​​ជិះ​ដល់​កន្លែង​ស្ងាត់​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ ម្ចាស់​របួសធ្ងន់​

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូម្នាក់ ត្រូវបានក្រុមចោរប្លន់ហៅឲ្យឌុប ទៅកន្លែងស្ងាត់ នៅពេលទៅដល់គោលដៅបានឲ្យឈប់ម៉ូតូ បន្ទាប់មកក្រុមចោរបានយកដុំថ្ម ទៅវាយផ្ទប់ចំក្បាល និងផ្ទៃមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ចោរបានទាញទម្លាក់ពីលើម៉ូតូ ដណ្ដើមយកម៉ូតូជិះគេចខ្លួន បាត់ស្រមោល ។

ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់រវាង សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ចំណែក ជនរងគ្រោះមានឈ្មោះ ក្រិត ចេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយត្រូវចោរវាយបែកមុខ និងក្បាលធ្ងន់ធ្ងរ ។ ម៉ូតូដែលចោរវាយប្លន់ យកទៅបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥សេរី ឆ្នាំ២០០៦ ឡើងតែម២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1B 9906 ។ ដោយឡែកក្រុមចោរ មានគ្នា២នាក់ស្លៀកពាក់ស៊ីវិល ។

បើតាមប្រភពព័ត៌មានពី ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានហៅឲ្យគាត់ឌុបចេញពីម្ដុំសួន ឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេងឲ្យឌុបទៅកន្លែងកើតហេតុ ជាចំណុចស្ងាត់ខាងត្បូង ភូមិទួលពង្រជាប់ព្រំប្រទល់ សង្កាត់ព្រៃស ក្នុងតម្លៃ១៥០០០រៀល ។

ប្រភពដដែរបានបន្ដថា នៅពេលឌុបតោដល់គោលដៅ ក្រុមចោរថាឲ្យឈប់ពេលឈប់ភ្លាម អាម្នាក់បានធ្វើជាលូកហោប៉ៅ យកលុយឲ្យហើយម្នាក់ទៀត បានដើរចេញពីម៉ូតូបន្លិច នឹកស្មានថាគេទៅ រកកន្លែងនោមតាមពិតគេទៅរកដុំថ្ម មកវាយក្បាលគាត់ រកតែគាត់តបតមិនបានផង ហើយពេលនោះគាត់ខំ ប្រតាយប្រតប់តែមិនឈ្នះគេក៏ត្រូវក្រុមចោរចាប់អូសទម្លាក់ពី លើម៉ូតូហើយដណ្ដើមយកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោលតែម្ដង។

មុនដំបូងសមត្ថកិច្ច នៃខណ្ឌទាំងពីរ បានឆ្លើយដាក់គ្នាថា មិនមែនក្នុងទឹកដីភូមិសាស្ដ្ររបស់ខ្លួន តែនៅទីបំផុតទើបដឹងថា នៅខាងខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ច បាននែនាំឲ្យមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ចោមចៅ ដើម្បីទុកជាឯកសារក្រែងថ្ងៃក្រោយ អាចចាប់ជនល្មើសយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់បាន ៕

ពូម៉ូតូពូម៉ូតូ១

មតិយោបល់