ព័ត៌មានជាតិ

ខណ្ឌសែនសុខបង្ក្រាបល្បែងមិនចេះអស់ អ្នកចាប់ចេះតែចាប់ អ្នកលេងចេះតែលេង

ភ្នំពេញៈ នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ ប្រើកណ្ដាប់ដៃរបស់ខ្លួនចាត់វិធានការទៅលើអ្នកល្មើសច្បាប់ នោះគឺល្បែងស៊ីសង ប៉ុន្តែចំណាត់ការទាំងនេះ ហាក់គ្មានប្រសិទ្ធភាព ដោយសារតែអ្នកបង្ក្រាបបានចេះតែបង្ក្រាប អ្នកលេងបានចេះតែលេង។

ក្រោយពីមានការបញ្ជា និងស្ដីបន្ទោសពីអភិបាលខណ្ឌសែនសុខ ដែលទើបនិងឡើងតំណែងថ្មី លោក ប៉ឹល កុសល ហើយនោះ មន្រ្តីក្រោមឱវាទ ក៏បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងភ្លាមៗ ក្នុងនោះអាជ្ញាធរដកហូតទូហ្គែមបាញ់ត្រីបាន២ទូ និងឃាត់មនុស្ស៤នាក់។ ទូហ្គែមទាំងនេះហើយ ដែលប្រជាពលរដ្ឋតែងតែនិយាយថា ជាជម្រកបទល្មើស និងគ្រឿងញៀន ដែលមនុស្សចំនួនភាគច្រើនជាយុវវ័យ និងក្មេងចូលទៅលេងកម្សាន្ត ឬចំណាយការភ្នាល់ប្រាក់។

មនុស្សចំនួន៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ទី១.ឈ្មោះ លឹម សុធី ភេទប្រុស អាយុ៣៥ឆ្នាំ (បុគ្គលិកជាតំណាងម្ចាស់ហ្គេម) មានទីលំនៅភូមិគោកឃ្លាង។ ទី.២ឈ្មោះ ហ៊ុល សៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី។ ទី៣ឈ្មោះ សាយ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង។ ទី៤.ឈ្មោះ ដាន តេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកហ្គេមបាញ់ត្រី មានទីលំនៅភូមិគោកឃ្លាង។

ប្រជាពលរដ្ឋបានលើកឡើងថា នៅខណ្ឌសែនសុខមានបទល្មើសច្រើនជាងគេ ក្នុងនោះមានល្បែងស៊ីសង និងគ្រឿងញៀន។ ក្រៅពីល្បែងស៊ីសង បើនិយាយពីគ្រឿងញៀនវិញ ប្រជាពលរដ្ឋស្ទើរតែមិនចង់ស្ដាប់ និងមិនចង់ដឹង ដោយសារតែគ្រឿងញៀននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺច្រើនជាងគេ ហើយក៏ជាទីជម្រករបស់ជនល្មើស និងជាតំបន់ស្មុគស្មាញផងដែរ ហើយប្រជាពលរដ្ឋរំពឹងថា អភិបាលខណ្ឌថ្មី និងមានវិធានការបោសសម្អាតរឿងនេះ។ ទាក់ទិននឹងបទល្មើសវិញ ទាំងនគរបាល និងអាវុធហត្ថក្នុងខណ្ឌ ហាក់មិនសូវមានចំណាត់ការ ឬចំណាត់ការដែរ តែខ្សោយនីតិវិធី៕

photo_2016-09-16_11-55-28photo_2016-09-16_11-55-31photo_2016-09-16_11-55-16photo_2016-09-16_11-55-18photo_2016-09-16_11-55-20photo_2016-09-16_11-55-22photo_2016-09-16_11-55-25

មតិយោបល់