ព័ត៌មានជាតិ

ស្រីម្នាក់ ត្រូវចោរឆក់កាបូប បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់

ភ្នំពេញៈ ស្ត្រីម្នាក់កំពុងពេលជិះម៉ូតូម្នាក់ឯង ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ស្របទិសគ្នា បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ បណ្តាលឲ្យដួលរងរបួសធ្ងន់បាក់ជើង និងឆ្អឹងដងកាំបិត ក្រោយមកបានរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ រីឯជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខរោងចក្រទឹកកក ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុច សុគន្ធា ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-4923 នៅក្នុងកាបូបស្ពាយដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះ មានលុយចំនួន២០០ដុល្លា និងទូរស័ព្ទដៃម៉ាកសាំស៊ុងមួយគ្រឿង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូតែម្នាក់ឯង ដោយមានស្ពាយកាបូបខ្មៅដាក់ពីមុខ ហើយបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលដែលកំពុងជិះតាមផ្លូវ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ មួយគ្រឿង មិនចាំម៉ាកជិះមកទទឹម ហើយបានធ្វើសកម្មភាពលូកដៃទាញឆក់ដាច់ខ្សែកាបូប បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូទៅកណ្តាលថ្នល់រងរបួសធ្ងន់។

ក្រោយពីកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានជួយសែងយកជនរងគ្រោះមកដាក់នៅចិញ្ចើមផ្លូ និងហៅរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ រីឯជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល៕

https://youtu.be/D7Ix6mr3zN4

photo_2016-09-16_18-13-40photo_2016-09-16_18-13-43photo_2016-09-16_18-13-47photo_2016-09-16_18-13-50

មតិយោបល់