ភ្នំពេញៈ ទូហ្គេមភ្លោះចំនួន១ទូ និងមនុស្សចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងទីតាំងវេលុយវីង ដែលបង្កប់ប្រភេទល្បែងស៊ីសង មានទូហ្គេមបាញ់ត្រី កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រតិបត្តិការនេះដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាង លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ។ បន្ទាប់ពីទទួលព័ត៌មានថា ទីតាំងវេលុយវីងយីហោ អាស៊ី ខាងលើមានបង្កប់នូវប្រភេទល្បែងស៊ីសងជាទូហ្គេមបាញ់ត្រី ទើបលោកអភិបាលរង បានដឹកនាំកំលាំងចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែង។
លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ឡុង សុីណា ភេទស្រី ហើយលោកនិងកោះហៅឲ្យស្រ្តីជាម្ចាស់ផ្ទះនេះមកចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ច។ ក្នុងនោះជាលទ្ធផល សមត្ថកិច្ចដកហូតទូហ្គេមបាញ់ត្រីភ្លោះចំនួន១ទូយកមករក្សាទុកនៅសាលាខណ្ឌសែនសុខរងចាំធ្វើការវាយកំំទិចចោលនាពេលក្រោយ។ ដោយឡែកជនសង្ស័យដែលជាអ្នកចូលលេងទាំង៧នាក់មិនត្រូវបានឃាត់ខ្លួនទេដោយធ្វើការអប់រំឲ្យទៅផ្ទះវិញ។
គួរបញ្ជាក់ថា រាល់ការចុះបង្ក្រាបភាគច្រើនឃាត់ខ្លួនតែជនសង្ស័យ ដោយឡែកម្ចាស់ទីតាំង ថៅកែហាក់ដូចជាពុំមានវិធានការឃាត់ខ្លួន បើទោះជាអត្តសញ្ញាណពួកគេអាចនឹងត្រូវរកឃើញតាមរយៈអាសយដ្ឋាននោះក៏ដោយ។ បញ្ហានេះក៏ជាឧបសគ្គក្នុងវិធានការបង្ក្រាបមិនប្រសិទ្ធភាព ក៏ដូចជាបង្កឲ្យបទល្មើសដដែលៗនេះបង្កកើតមាន៕
មតិយោបល់