ព័ត៌មានជាតិ

ចាប់បានបក្ខពួកជនសង្ស័យម្នាក់ទៀតហើយ ករណីវាយប្លន់យកម៉ូតូកាលពីប៉ុន្មានថ្ងៃមុន

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលធ្វើសកម្មភាពវាយប្លន់ម៉ូតូពីជនរងគ្រោះកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ និងប្រជាការពារ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៧៣កែងផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែ បានឲ្យដឹងថា ក្រោយពីការឆ្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ច និងប្រជាការពារឃាត់ខ្លួននោះ បានឆ្លើយសារថា ពួកមានបក្ខពួកចំនួន៤នាក់ ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ នៅចំណុចផ្លូវលេខ២៧៣កែងផ្លូវរថភ្លើង ស្ថិតនៅក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ដោយពួកគេបានវាយប្លន់យកម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ច និងប្រជាការពារឃាត់ខ្លួននោះ បានឆ្លើយថា បក្ខពួករបស់គេ ២នាក់ទៀត មានឈ្មោះ ហៅ (ពៅឆ្វេង) អាយុប្រហែល ២០ឆ្នាំ មុខរបរ ទីលំនៅ មិនពិតប្រាកដ និងឈ្មោះ និត អាយុប្រហែល ២៥ឆ្នាំ មុខរបរ ទីលំនៅ មិនពិតប្រាកដ។

ក្រោយពីជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពហើយ កម្លាំងសមត្ថកិច្ចយើងបានធ្វើការកំណត់មុខសញ្ញា និងបានធ្វើសា្រវជ្រាវរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដែលស្ថិតនៅចំណុចផ្លូវលេខ២៧៣កែងផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ហើយកម្លាំងសមត្ថកិច្ចយើង និងប្រជាការពារ បានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។

លោក ហ៊ុយ ហ៊ាន បានបន្តទៀតថា ជនសង្ស័យទាំង ៣នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនោះ ទី១ មានឈ្មោះ រស់ ច័ន្ទសុភ័ក្រដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ សន្តិសុខឯកជន (ឃាត់ខ្លួន), ទី២ មានឈ្មោះ ទ្រី មួយអ៊ី ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន), ទី៣ មានឈ្មោះ រៀម រ៉ាស៊ី ហៅអាពៅឆ្វេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ទីលំនៅ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មធំ សង្កាត់រៀម ស្រុកព្រៃនប់ ខេត្តព្រះសីហុន (ឃាត់ខ្លួន) និងទី៤ ឈ្មោះ និត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ទីលំនៅ មិនពិតប្រាកដ (បានរត់គេចខ្លួន)។ ចំណែកឯជនរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញានៅឡើយទេ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បាននិយាយប្រាប់ថា ពួកគេពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះយ៉ាងពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-09-17_12-15-43

photo_2016-09-17_12-15-38

មតិយោបល់