ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរតាមដងផ្លូវ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញព្រះសង្ឃជាច្រើនអង្គ ដែលគង់នៅវត្តទួលទំពួង គ្រងដោយស្បង់ជីពរ បានធ្វើសកម្មភាពដេញវាយគ្រួសារក្រីក្រ ដែលប្រកបរបររើសអេតចាយ ជ្រកតាមរបងវត្តនោះ បណ្ដាលឲ្យរងរបួស។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃសូត្រមន្តចូលកាន់បិណ្ឌទី១។
តាមសេចក្តីរាយការណ៍បានប្រាប់ Post News ដឹងថា ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយខណៈសមត្ថកិច្ចចុះដើម្បីសាកសួរព្រះសង្ឃក្នុងវត្ត ដែលគេរាយការណ៍ ក៏ស្រាប់តែប្រទះឃើញព្រះសង្ឃជាច្រើនអង្គ គ្រងដោយស្បង់ជីពរ ចេញពីវត្តទួលទំពូង មកវាយគ្រួសារក្រីក្រ ប្រកបរបររើសអេតចាយ ជ្រកតាមរបងវត្តនោះមែន តែព្រះសង្ឃបានរត់ចូលអស់បាត់ទៅហើយ សល់នៅតែជនរងគ្រោះប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលព្រះសង្ឃនៅក្នុងវត្តនេះធ្វើបាបអ្នករើសអេតចាយ ដែលយករបងវត្តធ្វើជាទីជម្រក ជាពិសេសរៀងរាល់ខែបុណ្យទានតែម្ដង។
អ្នកលក់ដូរនៅក្បែរនោះបានឲ្យដឹងថា ក្នុងហេតុការណ៍នោះ ពួកគាត់បានឃើញព្រះសង្ឃជាច្រើនអង្គ ក្រោយធ្វើសកម្មភាពរួច បានរត់ចូលក្នុងវត្តវិញបាត់ស្រមោល។
ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងរដូវបុណ្យទាន គួរណាតែព្រះសង្ឃមានព្រះទ័យដាក់ទានទៅដល់ជនក្រីក្រផង កុំប្រើអំពើព្រៃផ្សៃដល់ពួកគាត់បែបនេះ បើសេសសល់ចង្ហាន់គួរតែផ្ដល់ជូនពួកគាត់ផង ព្រោះពួកគាត់គ្មានទីពឹង ទើបទៅជ្រកតាមរបងវត្ត៕





មតិយោបល់