ព័ត៌មានជាតិ

ពលរដ្ឋ​រិះគន់ថា​ ​អាជ្ញាធរក្រុង​ស្ទឹងសែន មានភាពកម្សោយក្នុងការរៀបចំ​សណ្ដាប់ធ្នាប់​

កំពង់ធំៈ ទោះជាមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងក្ដី ក៏អាជ្ញាធរក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅតែមិនរៀបចំសណ្ដាប់ធ្នាប់ទីសាធារណៈកណ្ដាលក្រុងស្ទឹងសែន ដែលបណ្ដែតបណ្ដោយឲ្យរថយន្តតាក់ស៊ីចត នៅតាមផ្លូវ គឺផ្លូវជាតិលេខ៦ ហើយធ្វើសកម្មភាពដេញចាប់ម៉ូយប្រសេចប្រសាចពេញផ្លូវតែម្ដង ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្រុងស្ទឹងសែន មិនតែប៉ុណ្ណោះ បានធ្វើឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទៀតផង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តឲ្យដឹងថា ជារាល់ថ្ងៃ ជាពិសេសនៅពេល ព្រឹក គឺរថយន្តតាក់ស៊ីគ្រប់ប្រភេទ ទាំងទៅរាជធានីភ្នំពេញ និងទៅខេត្តសៀមរាប គឺចេញមកចតនៅតាមផ្លូវទាំងសង ហើយដេញចាប់ម៉ូយយ៉ាងអនាធិបតេយ្យ មិនខ្វល់ពីការកកស្ទះចរាចរ ឬករណីគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរដ៏ទៃឡើយ។ ចំណែកសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅទីនោះ ពួកគាត់អស់ខ្វល់ឡើយ រង់ចាំតែមានករណីគ្រោះថ្នាក់ចរាចរកើតឡើង គឺធ្វើសកម្មភាពវាស់វែងតែម្ដង។

ទាក់ទិននឹងករណីនេះ អ្នកបើកបររថយន្តតាក់ស៊ីទាំងនេះ បានប្រាប់អ្នកសារព័ត៌មានថា បើពួកគាត់មិនចេញមកចតនៅតាមផ្លូវខាងមុខនោះទេ គឺហៅម៉ូយ មិនបានទេ ព្រោះអីរថយន្តក្រុងមកឈប់ដាក់អ្នកដំណើរ នៅតាមផ្លូវនេះ ដូច្នេះបើពួកគាត់មិនចេញមកចត និងហៅម៉ូយនៅខាងក្រៅទេ គឺអ្នកដំណើរជិះរថយន្តក្រុងអស់ហើយ។

លោកនាយរងការិយាល័យនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា ការរៀបចំសណ្ដាប់ធ្នាប់នៅទីនោះ គឺពិបាកណាស់ ដូចជា ការវែកចកអ៊ីចឹង ហើយក៏ពិបាកចំណាត់ការតាមផ្លូវច្បាប់ដែរ ដោយសារអាជ្ញាធរ ចេញអាជ្ញាប័ណ្ណឲ្យអ្នកលក់សំបុត្ររថយន្តក្រុង នៅតាមផ្លូវ ម្ល៉ោះហើយរថយន្តក្រុងមកឈប់តាមផ្លូវខាងមុខ ដាក់ដំណើរ ជាហេតុធ្វើឲ្យរថយន្តតាក់ស៊ីបាត់ឱកាស ក្នុងការចាប់ម៉ូយ ដូច្នេះពួកគេត្រូវតែបង្ខំចិត្តចេញមកខាងក្រៅដែរ ដើម្បីប្រកួតប្រជែងក្នុងការហៅម៉ូយ។

ទាក់ទិន នឹងព័ត៌មាននេះ លោក ហុក រិន អភិបាលក្រុងស្ទឹងសែន យើងទំនាក់ទំនងទៅលោកមិនបានទេ នៅថ្ងៃនេះ៕

police-twopolice-forpolice-onepolice-sixpolice-three

មតិយោបល់