ពោធិ៍សាត់ៈ បុរសម្នាក់បានប៉ះពាក្យសម្តីគ្នាជាមួយនឹងក្រុមក្មេងស្ទាវមួយក្រុម រហូតឈានទៅដល់ការផ្ទុះហិង្សាដេញតាមកាប់ បណ្តាលឲ្យរងរបួសចំខ្នង និងក្បាលជង្គង់ យ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខស្ពានថ្មី ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះឈ្មោះ យ៉ុង សុភក្ក្រ័ ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានទាស់ពាក្យសម្តីគ្នាជាមួយនឹងក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូម៉ាក MXS មិនស្គាល់ពីអត្តសញ្ញាណនៅចំណុចហាងម្លប់លាភ រហូតឈានទៅដល់ការផ្ទុះហិង្សាធ្វើឲ្យក្រុមជនបង្ករ ដេញតាមកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសចំជង្គង់ និងខ្នងយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។ ចំណែកជនបង្ករ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕


មតិយោបល់