ភ្នំពេញ: ស្របពេលដែលកម្ពុជា កំពុងតែរីកចំរើនវិស័យសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពីមួយឆ្នាំទៅមួយឆ្នាំនោះ បានធ្វើឲ្យបុគ្គលិកក្រុមហ៊ុនទាំងវិស័យឯកជននិងរដ្ឋ ត្រូវការបង្កើនសមត្ថិភាព ផ្នែកគ្រប់គ្រងការិយាល័យរដ្ឋបាល ដើម្បីបម្រើការងារនៅក្នុងក្រុមហ៊ុន របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ពោលគឺសំដៅទៅរកការ គ្រប់គ្រងទិន្នន័យបែបព័ត៌មានវិទ្យា ដែលខុសស្រឡះពីការគ្រប់គ្រងអាជីវកម្ម បែបលក្ខណៈគ្រួសារ ដែលធ្វើឲ្យក្រុមហ៊ុនមួយចំនួនដើរមិនទាន់គេ។
លោក ឌិន វីរៈ ជាស្ថាបនិក និងជានាយកគ្រប់គ្រងវិទ្យាស្ថាន V-Capital បានលើកឡើងថា នៅកម្ពុជា អាជីវកម្មជាច្រើនកំពុងរីកចំរើនក្នុងសន្ទុះមួយលឿន ហើយការរីកចំរើននេះ នៅត្រូវការការអភិវឌ្ឍន៏ខ្លាំងថែមទៀត ជាពិសេសទៅលើការប្រកួតប្រជែងមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ហើយអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺជាសម័យកាលគ្រប់គ្រងលក្ខណៈព័ត៌មាន បើកាលណាយើងគ្រប់គ្រងព័ត៌មានបានល្អ លឿន និងសុក្រឹត្យ វាធ្វើឲ្យអាជីវកម្មយើង ឬក៏អង្គភាពយើងមានការរីកចំរើន ជាពិសេសយើងអាចការពារក្រុមហ៊ុន ពីការខាតបង់លុយកាក់ អាចការពារផ្លូវច្បាប់ និងព្រមទាំងការខាតបង់ផ្សេងៗ ផងដែរ។
នៅកម្ពុជាមានប្រហែល៩៧% នៃក្រុមហ៊ុនឯកជនជាសហគ្រាសខ្នាតតូច ហើយក្រុមហ៊ុនជាច្រើនក្នុងចំណោមនោះ គឺធ្វើអាជីវកម្មទៅតាមទំលាប់ដែលមានលក្ខណៈជាគ្រួសារ ខណៈមានក្រុមហ៊ុនមិនច្រើនប៉ុន្មាននោះទេ ដែលការធ្វើអាជីវកម្មអនុវត្តតាមប្រព័ន្ធមួយច្បាស់លាស់ និងមានស្តង់ដាសមស្រប។
អ្នកជំនាញបានលើកឡើងថា នៅពេលបច្ចុប្បន្ននេះ ភាគច្រើននៃសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងតែជួបឧបសគ្គក្នុងការគ្រប់គ្រង មិនថាផ្នែកធនធានមនុស្ស ក៏ដូចជាផ្នែកជំរុញការលក់ជាដើម ដែលកត្តាទាំងនេះ បានធ្វើឲ្យប៉ះពាល់ ទៅដល់និរន្តរភាពប្រាក់ចំណូលរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា សំរាប់កម្ពុជា សហគ្រាសខ្នាតតូច និងមធ្យមបានតំណាងដល់ទៅជាង៩០% នៃក្រុមហ៊ុនឯកជនសរុប ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនាពេលបច្ចុប្បន្ន៕
មតិយោបល់