កំពង់ឆ្នាំងៈ មានករណីអំពើហិង្សាមួយ បានកើតឡើងក្នុងពិធីរាំធុងបាស់ កាន់បិណ្ឌវត្តកំពង់ត្រឡាច បង្កឡើងដោយក្មេងមួយក្រុមមិនស្គាល់មុខ បានមកអុកឡុកកាប់ចាក់គ្នា ផ្អើលអ្នកស្រុក បណ្តាលឲ្យយុវជន២នាក់ ស្លាប់និងរងរបួសធ្ងន់ ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៨ កញ្ញា២០១៦ម្សិលមិញ ចំណុចក្នុងវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ អិដ្ឋសុខជាភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិជំទាវសុខ ឃុំច្រេះ ស្រុកកំពង់ត្រឡាច បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ២.ឈ្មោះ ជឿន សាមឿន ភេទប្រុសអាយុ១៦ឆ្នាំរស់នៅក្នុង ភូមិអូ ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ ។
ប្រភពដដែល បានបន្ដថា នៅមុនពេលកើតរឿងកាប់ចាក់គ្នា គឺនៅក្នុងវត្តកំពង់ត្រឡាច លើមានរៀបចំពិធីរាំវង់ធុងបាស់ កាន់បិណ្ឌ ដែលបង្កឡើងដោយក្មេងមួយ ក្រុមមិនស្គាល់មុខបង្កហិង្សា អុកឡុកកាប់ចាក់គ្នាផ្អើលអ្នកស្រុក ក្នុងពិធីរាំវង់ធុងបាស់បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ទំនងជាមានការប្រកែកទាស់ពាក្យសម្តីគ្នាទើបបង្កជាអំពើហិង្សាកើតមាន។
ក្រោយពេលកើតហេតុជនបង្ក បាននាំគ្នារត់គេចខ្លួនបាត់ដោយទុកជនរងគ្រោះ នៅកន្លែងកើតហេតុក្នុងនោះម្នាក់ត្រូវបានប្រជាពលរដ្ឋដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែមកដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់ និងម្នាក់ទៀត ត្រូវបានបញ្ជូនមកធ្វើការ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ បន្ទាន់មួយជុំវិញកន្លែងកើតហេតុដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់