ភ្នំពេញៈ ក្មេងទំនើងមួយក្រុមដែលជាអ្នកលេងដាវសាំម៉ូរ៉ៃមានគ្នា៩នាក់ ជិះម៉ូតូពេលរាត្រី ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក ចាប់ក្របួចបានម្នាក់ដោយសង្ស័យថាជាប់ពាក់ព័ន្ធជាមួយនឹងករណីអំពើរប្លន់កន្លងមក ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ នគរបាលប៉ុស្តិ៍ទំនប់ទឹក បានចុះល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញក្រុមក្មេងទំនើងដែលជាអ្នកលេងដាវសាំម៉ូរ៉ៃ មានគ្នា៩នាក់ ជិះម៉ូតូ៤គ្រឿង រួមមានម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿង និង២គ្រឿងទៀតរួមមានម៉ាកស៊ុយសាគីនិច ១គ្រឿង ព្រមទាំងស៊ុយសាគីលែត ១គ្រឿង។ ខណៈពួកគេជិះកាត់សមត្ថកិច្ច ដោយមានគ្នាច្រើនផងនោះសមត្ថកិច្ចក៏មានការសង្ស័យបានធ្វើការដេញតាម ដើម្បីសាកសួរ ស្រាប់តែក្រុមក្មេងទំនើងទាំងនោះបានភ័យជិះរត់គេចរៀងៗខ្លួន ទើបសមត្ថកិច្ចបានបើកម៉ូតូដេញតាមចាប់ក្របួចបានម្នាក់រួមជាមួយនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1FG-6575 និងដកហូតបានដាវសាំម៉ូរ៉ៃច្រេះមួយដើម មិនតែប៉ុណ្ណោះជនសង្ស័យរូបនេះ ជាកម្មករធ្វើការនៅសិប្បកម្មផលិតនំស្រួយម៉ាកSB ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកធ្វើការសាកសួរ និងបើកការស៊ើបអង្កេតថាតើជនសង្ស័យរូបនេះ មានការជាប់ពាក់ព័ន្ធជាមួយករណីប្លន់ពីមុនមកដែរឬទេ ៕
មតិយោបល់