ភ្នំពេញៈ បន្ទាប់ពីព្រឹត្តិការណ៍ដើរលើកំរាលព្រំនៅក្នុងសកលវិទ្យាល័យន័រតុនត្រូវបានរំខានដោយភ្លៀងមួយមេយ៉ាងដំណំធ្វើឲ្យតារាភាគច្រើនមិនអាចបង្អួតរូបសម្រស់នៅចំពោះមុខក្រសែភ្នែករបស់និស្សិតរាប់ពាន់នាក់តាមការគ្រោងទុកកាលពីថ្ងៃទី១៧ កញ្ញានោះ តារាល្បីៗភាគច្រើន គឺមិនបាននឿយណាយនឹងការរំខាននេះ ហើយប្រកាសឈប់ចូលរួមនោះទេ ផ្ទុយទៅវិញម្នាក់ៗបានទទូចឲ្យស្ថាបនិកGroup «គ្រួសារតារាកម្ពុជា»រំលេចកម្មវិធីនេះសារជាថ្មីម្ដងទៀត ដោយតារាល្បីៗភាគច្រើនប្រកាសថានឹងចូលរួមដោយពេញទំហឹង។
អ្នកនាងសឿ សុធារ៉ា ដែលខកខានមិនបានចេញដើរឈុតបុរាណ និងឈុតក្ងោកព្រោះតែដំណក់ទឹកភ្លៀងបានអះអាងថា អ្នកនាងមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដែលកម្មវិធីដែលប្រមូលផ្ដុំដោយតារាយ៉ាងច្រើនកុះករនៅក្នុងថ្ងៃនោះបែរជាត្រូវរំខានដោយភ្លៀង ហើយធ្វើឲ្យតារាម្នាក់ៗ និងនិស្សិតរាប់ពាន់នាក់ខកគម្រោងបង្ហាញភាពជិតស្និទ្ធិជាមួយនៅក្នុងព្រឹត្តិការណ៍។ អ្នកនាងថាបើទោះជាខ្លួនបានចំណាយថវិកាយ៉ាងច្រើនកាត់ឈុតជារបៀបក្ងោក តែចុងក្រោយបែរជាមិនបានឡើងបង្ហាញព្រោះតែមិនអាចឲ្យត្រូវដំណក់ភ្លៀងនោះ ក៏អ្នកនាងប្រកាសថាបើមានកម្មវិធីនេះជាថ្មីម្ដងទៀត ហើយត្រូវបានរៀបចំដោយស្ថាបនិកក្រុម«គ្រួសារតារាកម្ពុជា» គឺអ្នកនាងនឹងចូលរួម១០០ភាគរយ។ អ្នកនាងទទូចឲ្យអ្នករៀបចំព្រឹត្តិការណ៍នេះចាត់ចែងជាថ្មី ហើយជ្រើសយកអំឡុងពេលរដូវប្រាំង ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាពីការរៃអង្គាសបានច្រើននោះផង និងដើម្បីឲ្យក្រុមតារាសិល្បៈមានឱកាសបង្ហាញសមត្ថភាពឲ្យអស់ពីលទ្ធភាពនោះផង។
មិនខុសគ្នាដែរ លោកងួន ចាន់ដេវីត ម្ចាស់បទ«រាំញីកែងជើង»បានប្រកាសប្រាប់ថាឲ្យតែកម្មវិធីនេះកើតឡើងជាថ្មី ហើយជម្រើសត្រូវចំពេលវេលាដែលទំនេរ។ លោកថាឲ្យតែប្រាប់លោកមុនគឺលោកសុខចិត្តទម្លាក់ចោលការងារបានលុយ ហើយសម្រេចចិត្តបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍នេះជាថ្មីម្ដងទៀតតាមការស្នើសុំ។
កញ្ញាទេព បូព្រឹក្ស បានកក់ទុកមុនតែម្ដងថា បើមានព្រឹត្តិការណ៍នេះរៀបចំម្ដងទៀត នាងនឹងពេញចិត្តទទួលច្រៀង។ ដោយឡែកសម្រាប់លោកសុគន្ធ ថេរ៉ាយុ កញ្ញាសុខ ពិសី និងតារាៗល្បីឈ្មោះដទៃទៀត ក៏បានប្រកាសចូលច្រៀងនៅក្នុងព្រឹត្តិការណ៍នោះជាថ្មីម្ដងទៀត។
លោកផាត់ តារារដ្ឋ ស្ថាបនិកក្រុម«គ្រួសារតារាកម្ពុជា»ដែលជាអ្នករៀបចំព្រឹត្តិការណ៍ខាងលើ បានអះអាងថា បើទោះជាមានការរំខានដោយភ្លៀងតែលោកថាព្រឹត្តិការណ៍មួយនេះទទួលជោគជ័យ ដោយសារតែតារាសិល្បៈសុទ្ធតែបានរាំច្រៀង និងបង្ហាញម៉ូដនៅក្រោមដំណក់ភ្លៀងរហូតដល់ចប់ ដោយមិនមានតារាណាម្នាក់រត់ចោលកម្មវិធី ឬបិទកម្មវិធីចោលនៅកណ្ដាលទីនោះទេ។ លោកថាព្រឹត្តិការណ៍នេះនឹងកើតឡើងជាលើកទី២រវាងនិស្សិតពេទ្យនៅសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាតាមការស្នើសុំ ប៉ុន្តែមិនទាន់ប្រាកដថានឹងត្រូវធ្វើឡើងនៅក្នុងខែណានោះទេ ដោយគ្រាន់តែបានដឹងថាព្រឹត្តិការណ៍ និងរៀបចំជាថ្មីដោយមិនចំរដូវភ្លៀងដូចការប្រព្រឹត្តិលើកមុនប៉ុណ្ណោះ។ ក្នុងនោះចំពោះថវិកាបើទោះជាបានតិចជាងការគ្រោងទុកដោយសារតែភ្លៀង ដែលមិនអាចឲ្យនិស្សិតមកទស្សនាច្រើនតាមការគ្រោង ប៉ុន្តែលោកថាព័ត៌មានពីខាងសាកលវិទ្យាល័យន័រតុនគឺតួលេខអាចទទួលយកបាន៕
មតិយោបល់