ព័ត៌មានជាតិ

Update: ស្គាល់អត្តសញ្ញាណមនុស្ស៣នាក់ ឆេះស្លាប់ក្នុងរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្រុកស្ទោង

កំពង់ធំ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្ត២គ្រឿងបុកគ្នាបង្កឆេះយ៉ាងសន្ធោសន្ធៅ ហើយឆក់យកជីវិតមនុស្ស៣នាក់ ឆេះខ្លោចក្នុងរថយន្តមើលសឹងមិនស្គាល់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ (ផ្លូវវៀងស្រុក) ស្ថិតចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តសាំយ៉ុងដឹកបន្លែ បុកជាមួយរថយន្តរ៉េហ្វរ Rav4 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តរ៉េហ្វរឆេះយ៉ាងសន្ធោសន្ធៅ ស្លាប់មនុស្ស៣នាក់ របួសធ្ងន់ម្នាក់។

សមត្ថកិច្ចបានបន្តថា រថយន្តបង្កម៉ាក Rav4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2184 បើកបរដោយឈ្មោះ សួង ហ៊ុយ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទី២.ឈ្មោះ មន វីន ភេទប្រុស អាយុ២៨ឆ្នាំ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ទី៣.ឈ្មោះ រឿន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ នៅខេត្តពោធិ៍សាត់ មុខរបរកម្មករក្រុមហ៊ុនLBN អ្នកទាំង៣ខាងលើត្រូវឆេះស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម និងអ្នកទី៤.ឈ្មោះ ចេ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅខេត្តកំពង់ចាម មុខរបរកម្មករក្រុមហ៊ុនLBN របួសធ្ងន់បាក់ដៃឆ្វេង។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ មនុស្ស៣នាក់ មានតៃកុង និងអ្នកជិះខាងក្រោយ២នាក់ បានស្លាប់ ចំណែកអ្នកជិះអែបតៃកុងបានរួចផុតពីសេចក្តីស្លាប់យ៉ាងវេទនា តែរបួសធ្ងន់បាក់ដៃ វាជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ក្នុងករណីនេះគឺបណ្តាលមកពីរថយន្តរ៉េហ្វរ បើកបរក្នុងស្ថានភាពស្រឹវឹងជោក ហើយបើកទៅបុករថយន្តទូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខសៀមរាប2B-2493 បណ្តាលឲ្យក្រឡាប់ធ្លាក់ពីលើថ្នល់ អ្នកបើកបរចុះរត់គេចខ្លួនបាត់។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ គឺសាកសពត្រូវបានប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកជនរងគ្រោះស្រវឹងជោគដោយគ្មានសតិភ្លេចភ្លាំង ដោយសារជាតិស្រវឹង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលពេទ្យបង្អែកស្ទោង៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់