សៀមរាបៈ ជនសង្ស័យបានលួចម៉ូតូពី ខេត្តសៀមរាប រត់ដល់ខេត្តព្រៃវែង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុច ក្បែរវត្តចកភូមិរបស់ផ្ចិកឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។
បើតាមលោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរង ទទួលបន្ទុកព្រហ្មទណ្ឌក្រុង សៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺដោយមានកិច្ចសហការល្អ រវាងអធិការដ្ឋាននគរបាល ក្រុងសៀមរាប និងអធិការដ្ឋាននគរបាលស្រុកមេសាង ជាពិសេសប៉ុស្តិ៍នគរបាលឃុំព្រៃឃ្នេស និងប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ប៉ាវ ហ៊ាង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិវៀតណាម មុខរបរ មេជាងសំណង់ ស្នាក់នៅ បណ្តោះអាសន្ន ក្នុងការដ្ឋានសាងសង់សណ្ឋាគារ មួយនៅ បរិវេណ អង្គរឃ្យុងយូ សង្កាត់ស្លក្រាមក្រុងសៀមរាប ។
ហេតុការណ៍ដែលឃាត់ខ្លួននេះគឺ នៅចំណុច ក្បែរវត្តចក ភូមិរបសផ្ចិក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ខណៈដែលជនសង្ស័យ ព្យាយាម ប្រើកាំបិត គាស់ដោះស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ដើម្បីពង្វាងដាន ពីភ្នែកសមត្ថកិច្ច ។
លោកបន្តថា វត្ថុតាងដកហូតបាន ម៉ូតូ ចំនួន១គ្រឿង ម៉ាក ហុងដា ឌ្រីម C១០០ សេរីឆ្នាំ២០០២ ពណ៌ក្រហម លេខតួ និង លេខម៉ាស៊ីន ០១០៨៤៦៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ1C-7061 របស់ជនរងគ្រោះ ឈ្មោះ ប.ប.រ ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ក្នុងក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោក បន្ថែមថា ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជនសង្ស័យ នឹងវត្ថុតាងត្រូវបាន មន្ត្រីនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ទៅទទួលនៅអធិការដ្ឋានស្រុកមេសាង នឹងនាំយកមកក្រុងសៀមរាបវិញ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០១៦ ដើម្បីធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់