ភ្នំពេញ : សាលារាជធានីភ្នំពេញបានផ្តល់រទេះរុញធុនតូចចល័តសំរាប់ប្រមូលសំរាមចំនូន១០៣គ្រឿងនិងរទេះសំរាមអចល័ត ចំនួន១២៣គ្រឿងដល់មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងសំរាប់យកទៅប្រើប្រាស់តាមទីផ្សារនានាក្នុងរាជធានីភ្នំពេញជា រទេះរុញថ្មីដែលសាលារាជធានីភ្នំពេញទើបបានបង្កើតឡើង។
លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថារទេះរុញសំរាប់ប្រមូលសំរាមចល័តទាំងនេះ នឹងយកទៅប្រើប្រាស់តាមទីផ្សារ តាមទីសាធារណៈ រមណីយ៍ដ្ឋាននិងតាមសួនច្បារនានាក្នុងរាជធានីភ្នំពេញដែលអាចប្រើចល័ត តាមតំរូវការក្នុងការប្រមូលសំរាមរួមចំណែកលើកកំពស់សោភណ្ឌភាព បរិស្ថានទីក្រុងឲ្យ បានកាន់តែប្រសើរឡើង។
លោកបន្តថា ការសំអាតសំរាមគឹផ្តើមចេញពីប្រជាពលរដ្ឋយើង ម្នាក់ៗ មិនចាំបាច់តែអាជ្ញាធរ ឬក្រុមហ៊ុនស៊ីនទ្រីនោះទេ ព្រោះយើងទាំងអស់គ្នាជាអ្នក បង្កើតសំរាម ដូច្នេះយើងក៏ជាអ្នកសំអាតដែរ។ ក្នុងចំនួនប្រជាពលរដ្ឋជិត២លាននាក់ក្នុង រាជធានីភ្នំពេញបច្ចុប្បន្ន បានផលិតសំរាមចំនួនប្រមាណ១៥០០តោនទៅជិត២០០០តោន ក្នុងមួយថ្ងៃដែលត្រូវដឹកចេញទៅក្រៅក្រុង។
លោកប៉ា សុជាតិវង្ស ក៏បានអំពាវនាវឲ្យិបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំចេះតែងាយដៃ យកសំរាមទៅបោះចោលពាសវាលពាសកាល និងត្រូវយកទៅដាក់ក្នុងធុងសំរាមដែល មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ,សោភណ្ឌភាព និងសុខភាពប្រជាពលរដ្ឋទូទៅ៕
មតិយោបល់