ព័ត៌មានជាតិ

មានរឿងអ្វីកើតឡើង! ទុកកូនអាយុជាង១ខួប ចោលនៅលើខ្នងប្រឡាយ ម្ដាយទៅច្រូតស្មៅ

កំពង់ឆ្នាំងៈ ដោយសារការធ្វេសប្រហែលរបស់ឪពុក-ម្ដាយ ដែលបានទុកកូនចោលលើខ្នងប្រឡាយរួចទៅច្រូតស្មៅឲ្យគោស៊ី បណ្តាលក្មេងអាយុ​១ខួប៣ខែរូបនោះ លង់ទឹកស្លាប់យ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង៤និង៣០ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារាដែលបានលង់ទឹកស្លាប់ខាងលើនេះ មានឈ្មោះ សុត សំណាង អាយុទើបបាន១៥ខែ ស្នាក់នៅក្នុងភូមិឃុំ​កើត​ហេតុ​ខាងលើ ។

យោងតាមប្រភពព័ត៌មានពីស្ត្រីជាម្តាយបានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុគាត់មកច្រូតស្មៅគោនៅចំណុចដីស្រែ របស់ឈ្មោះយ៉ង គី ហើយពេលនោះកូនប្រុស​របស់គាត់ក៏ទៅតាមជាមួយដែរ ។ពេលមកដល់កន្លែងច្រូតស្មៅគោ រូបគាត់បានទុកកូន នៅលើខ្នងប្រឡាយរួចចុះទៅច្រូតស្មៅ។ មួយសន្ទុះ ក្រឡេកមកក្រោយ បាត់កូន​ប្រុស​របស់គាត់ ពេលនោះគាត់បានប្រញាប់មកខ្នងប្រឡាយវិញដើររកកូន ក៏ឃើញកូនធ្លាក់ទៅក្នុងប្រឡាយទឹកលង់ស្លាប់បាត់ទៅហើយ​ទើបបង្ករឲ្យមានការភ្ញាក់ផ្អើល​នាំគ្នាចុះ​ស្រង់​សពកូនប្រុសជាទីស្រឡាញ់របស់គាត់ឡើងមកលើគោកត្រឡប់ទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី តែម្តង

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ នៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ មានករណីអ្នកលង់ទឹកស្លាប់ជាបន្តបន្ទាប់ចំនួន៤ករណី ដូចជាករណីលង់ទឹក នៅទ្វាទឹក​២០ឧសភា លង់ទឹកនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ លង់ទឹកនៅភូមិព្រៃពួច ឃុំជ្រៃបាក់ និងលង់ទឹកនៅភូមិអូររោង ឃុំជ្រៃបាក់នេះជាដើម ។

ជាមួយនឹងការលង់ ទឹកដល់ទៅ៤នាក់ ជាប់ៗគ្នានេះ អាជ្ញាធរភូមិឃុំ និងស្រុក ក៏បានប្រកាសដល់ប្រជាពលរដ្ឋ ជាអាណាព្យាបាល ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ កុំបណ្តោយឲ្យទៅលេងទឹក ឬនៅក្បែរទឹកជ្រៅ ព្រោះពេលនេះទឹកកំពុងឡើង ទាំងជំនន់ទឹកភ្លៀងតាមវាលស្រែ និងតាមទឹកទន្លេផងដែរ ៕

លង់ទឹក

មតិយោបល់