ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រុមការងារចម្រុះ ដឹកនាំដោយឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះជួយដោះស្រាយព្រមទាំងចែកដីធ្លីជូនប្រជាពលរដ្ឋចំនួន៧២គ្រួសារ ដែលប្រព្រឹត្តទៅក្នុងភូមិអូរលាងគ្រោះ និងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក វឿន សម្បត្តិ មេឃុំក្បាលរមាស បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់លោកជាពិសេសគឺនៅភូមិច្រប់ និងភូមិអូរលាងគ្រោះ នេះផ្ទាល់តែគឺមានប្រជាពលរដ្ឋចំនួន៧២គ្រួសារដែលពុំមានដីសម្រាប់ សាងសង់លំនៅដ្ឋាន និង ដីសម្រាប់បង្កបង្កើនផល។ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋទាំងអស់នោះ ក៏កំពង់តែជួបប្រទះបញ្ហាប្រឈមនឹងខ្វះខាតក្នុងការប្រកបរបររកស៊ីចិញ្ចឹមគ្រួសារផងដែរ។
បន្ទាប់ពីបានទទួលនៅរបាយការណ៍ជាក់លាក់ពីអាជ្ញាធរ ភូមិ ឃុំ នៅក្នុងមូលដ្ឋានខាងលើនោះរួចមក លោក ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យព្រមទាំងជួយធ្វើការដោះស្រាយនិងធ្វើការចែកដីធ្លីដែលជាដីសម្បទាន សង្គមកិច្ចរបស់ខេត្ត ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត និងគ្មានដីសម្រាប់រស់នៅទាំង៧២គ្រួសារនោះផងដែរ។
ក្នុងឪកាស ដ៏ថ្លៃថ្លានោះផងដែរលោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែងបានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺថា សម្ដេចមិនអាចឲ្យប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយគ្មានដីធ្លីនោះទេ សម្ដេចតែងតែ យកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋជានិច្ច ឲ្យតែប្រជាពលរដ្ឋនោះពិតជាគ្មានដី គ្មានលំនៅដ្ឋាន ពិតប្រាកដមែន។
លោក អភិបាលបានបន្តបន្ថែមទៀតថា សូមឲ្យបងប្អូន រក្សាភាពស្ងាមស្ងាត់ កុំជឿទៅលើសម្តីញ៉ុះញុង របស់មេខ្យល់ ដែលតែងតែដើរឃោសនាបោកប្រាស់ដើម្បីឲ្យបងប្អូនចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដីព្រៃសហគមន៍ និង ដីរបស់ក្រុមហ៊ុន គឺជាទង្វើរមួយខុសច្បាប់ ដូច្នេះបងប្អូនត្រូវជឿលើអាជ្ញាធរក្នុងមូលដ្ឋាន ប្រសិនបើប្រជាពលរដ្ឋណាដែលខ្វះខាតឬក៍គ្មានដីពិតប្រាកដមែននោះបងប្អូនអាចទៅដាក់ពាក្យស្នើសុំតាមរយៈ លោកមេភូមិ មេឃុំ ជាក់ស្តែងគឺដូចនៅក្នុងពេលនេះគឺអាជ្ញាធរខេត្ត បានទទួលរបាយការណ៍ពីមេភូមិ មេឃុំ និង អភិបាលស្រុកជាក់ស្ដែង គឺថាថ្នាក់ដឹកនាំខេត្ដបានចុះមកជួបផ្ទាល់និងធ្វើការដោះស្រាយជូន ដីធ្លីដល់បងប្អូនដោយស្របច្បាប់។
បន្ទាប់ពីទទួលបានដីសម្បទានពីថ្នាក់ដឹកនាំខេត្តរួចមក ប្រជាពលរដ្ឋទាំង៧២គ្រួសារខាងលើ បានសម្ដែងនៅទឹកចិត្តនិងក្ដីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដែលបានជួយដោះស្រាយទុក្ខកង្វល់របស់ពួកគាត់ដែលបានចែកដីធ្លីសម្រាប់សង់លំនៅដ្ឋានដល់ពួកគាត់ ជាចុងក្រោយពួកគាត់បានសន្យានិងប្ដេជ្ញាចិត្តស្ម័គ្រស្មោះ ក្នុងការរស់ក្រោមការដឹក នាំដ៍ឈ្លាសវៃនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា ជារៀងរហូតតទៅ ៕
មតិយោបល់